ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ 

ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនា ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែមលើនេះ លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងនូវការគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គម ជាដើម។ 

ពាក់ព័ន្ធនឹងការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងនូវសុខុដុមនីយកម្មនៅតាមរោងចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាកាសការងារដ៏ល្អសម្រាប់និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងនូវលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជូនបងប្អូនកម្មករ-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅពេលមានវិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ 

ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

ដោយ​៖ តារា​


ចែករំលែក៖