ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខជាតិរងការគំរាមកំហែង អុីរ៉ង់អាចនឹងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ទីប្រឹក្សាមេដឹកនាំកំពូលរបស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់អាចនឹងត្រូវពិនិត្យឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រឈមមុខនឹងការគំរាមកំហែងពីអុីស្រាអែល ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពដែលអុីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នេះបន្ថែមទៅលើក្តីបារម្ភដែលមានស្រាប់ អំពីចេតនាកាន់កាប់នុយក្លេអ៊ែររបស់អុីរ៉ង់ ទោះបីជាមានក្រឹត្យរបស់មេដឹកនាំកំពូលលោក Ali Khamenei ដែលបានហាមឃាត់ការអភិវឌ្ឍអាវុធប្រល័យលោកបែបនេះក៏ដោយ។
លោក Kharazi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «យើងមិនមានការសម្រេចចិត្តក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរទេ ប៉ុន្តែប្រសិនបើអត្ថិភាពរបស់អុីរ៉ង់ត្រូវបានគំរាមកំហែង វាគ្មានជម្រើសអ្វីក្រៅពីការផ្លាស់ប្តូរគោលលទ្ធិយោធារបស់យើងនោះទេ»។
លោកបានសង្កត់ធ្ងន់ទៀតថា «យុទ្ធសាស្ត្ររារាំងរបស់អុីរ៉ង់ អាចផ្លាស់ប្តូរ ប្រសិនបើទីតាំងនុយក្លេអ៊ែររបស់ខ្លួនត្រូវបានរងការវាយប្រហារដោយអុីស្រាអែល»។
គួរជម្រាបថា នៅដើមទសវត្សរ៍ឆ្នាំ២០០០ មេដឹកនាំកំពូលអុីរ៉ង់លោក Ali Khamenei បានហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅក្នុងក្រឹត្យសាសនាមួយ ដោយបញ្ជាក់ជំហររបស់គាត់ឡើងវិញនៅឆ្នាំ២០១៩ ដោយនិយាយថា «ការអភិវឌ្ឍនិងរក្សាទុកគ្រាប់បែកនុយក្លេអ៊ែរគឺខុសច្បាប់សាសនា ហើយការប្រើប្រាស់វាគឺហារ៉ាម (ហាមឃាត់ដោយសាសនា)»។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០២១ រដ្ឋមន្ត្រីស៊ើបការណ៍អុីរ៉ង់ បាននិយាយថា សម្ពាធរបស់លោកខាងលិចអាចរុញច្រានទីក្រុងតេអេរ៉ង់ឱ្យស្វែងរកអាវុធនុយក្លេអ៊ែរបាន។
កាលពីខែមេសា ភាពតានតឹងរវាងអុីរ៉ង់ នឹងអុីស្រាអែលបានឈានដល់កម្រិតខ្ពស់បំផុតរបស់ពួកគេ ដោយទីក្រុងតេអេរ៉ង់បានបាញ់ផ្លោងមីស៊ីលនិងយន្តហោះដ្រូនដោយផ្ទាល់ និងជាលើកដំបូងប្រមាណ ៣០០គ្រឿងនិងគ្រាប់ប្រឆាំងនឹងអុីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏សាហាវរបស់អុីស្រាអែល ទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅទីក្រុងដាម៉ាស នៃប្រទេសស៊ីរី៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖