នៅពេលដែលប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារនៅទីក្រុងប៉ារីស ជននោះបានដកអាវុធពីមន្ត្រីម្នាក់ បន្ទាប់មកបានបាញ់ទៅលើប៉ូលិសបណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។
យោងតាមសារព័ត៌មាន France Info បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែឧសភា បុរសម្នាក់បានបើកការបាញ់ប្រហារបណ្តាលឲ្យមន្ត្រីប៉ូលិស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងប៉ារីស។ ហេតុការណ៍នេះបានកើតឡើងនៅពេលសមត្ថកិច្ចឃាត់ខ្លួនបុរសនេះពីបទបង្កហិង្សាក្នុងគ្រួសារ ។
កាលពីថ្ងៃទី ១១ ខែមេសា ការវាយប្រហារដោយកាំបិតក៏បានកើតឡើងនៅកណ្តាលទីក្រុង Bordeaux ភាគនិរតីនៃប្រទេសបារាំង ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសម្នាក់ទៀត។ ប៉ូលិសបានសម្លាប់អ្នកវាយប្រហារភ្លាមៗ។
នៅថ្ងៃទី 5 ខែឧសភា បុរសពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង Sevran តំបន់ Seine-Saint-Denis ជាយក្រុងប៉ារីស។ ជនរងគ្រោះត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន។
រដ្ឋាភិបាលបារាំងបានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី 24 ខែមីនា បន្ទាប់ពីការវាយប្រហារបង្ហូរឈាមនៅឯសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ (រុស្ស៊ី) ខណៈដែលប្រទេសនេះរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024 ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN