ភ្នំពេញ ៖ ១២ ឧសភា ១៩៧៨ គឺជាថ្ងៃកំណើត កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មុននឹងឈានដល់ ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨។
កងកម្លាំងប្រដាប់អាវុធនៃចលនាតស៊ូរំដោះជាតិកម្ពុជា មានឈ្មោះថា អង្គភាព១២៥ ដែលអង្គភាពនេះមានទីតាំងដំបូងស្ថិតនៅ ឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម បង្កើតឡើងក្នុងគ្រាដែល សម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅ ប្រទេសវៀតណាម ជាពេលដែលសម្ដេច និងយុទ្ធមិត្ត ៤ រូបទៀត ធ្វើដំណើរទៅស្នើសុំការ ជួយពីមិត្តវៀតណាមដើម្បីផ្ដួររំលំរបបកម្ពុជាប្រជាធិបតេយ្យ។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា ការដាក់ឈ្មោះអង្គភាព១២៥ ដោយសារសម្ដេច បង្កើត អង្គភាព នៅថ្ងៃទី ១២ ខែ៥ ក្រោយមកទើប វរសេនាតូចជាច្រើនទៀត បង្កើតជាបន្តបន្ទាប់។
ការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់ សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេស ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុន ជាច្រើនលើក រហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ឯកសារប្រវត្តិសាស្ត្រ