ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩ គ្រួសារត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅបរិវេណផ្សារ នៃក្រុងរុនតាឯកតេជោសែន នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន ៩៩ គ្រួសារ(ក្នុងនោះ រលំចំនួន ២៤ខ្នង និងរបើកដំបូលចំនួន ៧៤ខ្នង) ដែលបានទទួលរងគ្រោះកាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតាឯកតេជោសែន។

លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្ដាយ ចំពោះបង ប្អូន ពូមីង  ដែលទទួលនវការរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ ដែលបានបណ្ដលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិខ្លះផង។ ក្នុងឱកាសនេះដែរ លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ  ដែលលោកជាប់ភារកិច្ចមិនអាចមកពេលនេះបាន តែជានិច្ចកាលលោកបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា  អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មានេះ លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។ 

តាមរយៈពិធីនេះដែរ លោកស្រីអនុប្រធាន ក៏បានអំពាវនាវដែលបង ប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន ដើម្បីបានជារបាំងការពារខ្យល់ បានជាម្លប់ និងជម្រកទៅថ្ងៃអនាគត់។ លើសពីនេះ លោកស្រី ក៏សូមសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងសង់លំនៅដ្ឋាន សូមគិតគូរឱ្យបានហ្មត់ចត់អំពីភាពមាំទាំរបស់ផ្ទះ។ គួររៀបចំគ្រឹះឱ្យមាំ ជាជាងគិតតែទំហំផ្ទះធំ ព្រោះកាលណាគ្រឹះមាំ វាអាចយជួយទប់លំនឹង ព្រមទាំងការពារខ្យល់ ឬឧបទ្ទវហេតុផ្សេងៗបាន។ ជាកិច្ចបញ្ចប់ លោកស្រីអនុប្រធាន ក៏បានផ្ដាំផ្ញើ បង ប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ  ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖

– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១៦សន្លឹង និងថវិកា១៥ម៉ឺនរៀល ។

  គ្រួសាររបើកដំបូល៖  មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ស័ង្កសី១០សន្លឹង និងថវិកា៨ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖