ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គម្រោង«ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ មិនមែនជាគំនិតផ្តួចផ្តើមពីចិននោះឡើយ។ សម្រាប់សម្តេច គម្រោងនេះនឹងក្លាយជា ជន្ទល់ និងឯករាជ្យនៃ សេដ្ឋកិច្ចកម្ពុជា សម្រាប់ថ្ងៃអនាគតដែលទាមទារត្រូវតែសាងសង់សម្រាប់កូនខ្មែរជំនាន់ក្រោយ។
-សម្តេចតេជោ ជាថ្មីម្តងទៀត បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយចោទប្រកាន់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើដល់កងទ័ពរបស់ចិន ព្រោះគម្រោងនេះតូចមិនអាចឱ្យនាវាយោធាអាចឆ្លងកាត់បាននោះទេ។ សម្តេចបានចាត់ទុកការចោទនេះ គឺជានយោបាយប្រឆាំងចិន ហើយស្នើសុំឱ្យបញ្ចប់ការមួលបង្កាច់នេះ។
-សម្ដេចតេជោ ថ្លែងបែបបេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។
-សម្ដេចតេជោ បានចាត់ទុកការលើកឡើងរបស់អ្នកកាសែតបរទេស ដែលមិនមានមូលដ្ឋានបែបនេះ ថាជារឿងឆោតល្ងង់សុទ្ធសាធ។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ថា ការជីកព្រែកហ្វូណនតេជោ គឺដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។
-សម្ដេចតេជោ ថ្លែងចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។
-សម្ដេចតេជោ ថ្លែងសារជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា គម្រោងព្រែកជីកនេះជាគំនិតផ្គួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។
-សម្ដេចតេជោ សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។
-សម្ដេចតេជោ ថ្លែងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។
-សម្ដេចតេជោ ថ្លែងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។
-សម្ដេចតេជោ ថ្លែងថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។
-សម្ដេចតេជោ ថ្លែងផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភលើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។
-សម្ដេចតេជោ ថ្លែងរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។
-សម្ដេចតេជោ ថ្លែងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។
-សម្ដេចតេជោ ថ្លែងថា ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។
-សម្ដេចតេជោ ថ្លែងជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ប្រញាប់ជីកព្រែកជីកហ្វូណនតេជោ និងពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ឱ្យបានឆាប់ៗ ដោយមិនត្រូវបានបង្អង់យូរឡើយ៕
ដោយ៖ស តារា