ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងហ្សកហ្ស៊ី បានប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ីនៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការបានចូលជួបសម្តែងការគួរសមជាមួយ លោក Ilia Darchiashvili រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ លោករដ្ឋលេខាធិការ  និងរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោករដ្ឋលេខាធិការ  និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាផលប្រយោជន៍រួម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ីលីស៊ី លោក ឃួន ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១  រវាងក្រសួងការបរទេសទាំងពីរជាមួយលោក Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង  និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហ្សកហ្ស៊ី៕

ដោយ ៖ សិលា


ចែករំលែក៖