ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលកើតឡើងពីការលះបង់មិនអាចកាត់ថ្លៃបាន និងមិនត្រូវយល់ច្រឡំថាសន្តិភាពបានមកដោយឯកឯងនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវឱ្យរួមគ្នាការពារសន្តិភាពដែលសម្រេចបានដោយលំបាកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ហើយកាតព្វកិច្ចការពារសន្តិភាពនេះដែរ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ព្រោះបើមានសង្រ្គាមណាមួយកើតឡើង នោះវានឹងមិនផ្តល់ផលល្អដល់ប្រទេសណាមួយ ឬពិភពលោកនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ សង្រ្គាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានការរើសអើង ដោយសារតែការវាយប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ នៅពេលសង្រ្គាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ ដូច្នេះហើយវាគឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានជាមួយការលះបង់មិនអាចកាត់ថ្លៃបាន ហើយមិនត្រូវយល់ច្រឡំថា សន្តិភាពបានមកដោយឯកឯងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា មេដឹកនាំរបស់កម្ពុជាទាំងអស់នាពេលអនាគត ត្រូវចៀសវាងពីការចូលរួមក្នុងផែនការនយោបាយដែលជំរុញការផ្លាស់ប្តូររបបដោយវិធីសាស្រ្តមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការ និងការទទួលខុសត្រូវក្នុងការការពារសន្តិភាព ឱ្យខាងតែបាន។ 

សម្ដេចធិបតីបានថ្លែងថា ៖ កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ តួយ៉ាងសន្និសីទថ្ងៃនេះគឺជាគំរូដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាពរវាងតួអង្គពាក់ព័ន្ធផ្សេងទៀត។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ចំណុចដែលសំខាន់បំផុត គឺយើងត្រូវតែការពារសន្តិភាពដែលសម្រេចបានដោយលំបាកបំផុតឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កាតព្វកិច្ចនេះមិនមែនជាកាតព្វកិច្ចសម្រាប់តែប្រជាជាតិកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ដែលយើងឃើញថាសង្គ្រាមនៅទូទាំងពិភពលោកមិនដែលបានផ្ដល់ផលល្អសម្រាប់ប្រជាជាតិណាមួយនៅទូទាំងសកលលោកនោះទេ។ ជាសត្យានុម័ត សង្គ្រាមគឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិលដោយគ្មានរើសអើង ដោយសារតែការប្រយុទ្ធគ្នារបស់ក្រុមប្រដាប់អាវុធ។

សម្ដេចបញ្ជាក់ទៀតថា «នៅពេលដែលសង្គ្រាមកើតឡើងហើយ គឺគ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយប្រជាធិបតេយ្យ ដូច្នេះនេះជាការទទួលខុសត្រូវរបស់រដ្ឋនិងប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃលើសន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន ដោយមិនត្រូវយលច្រឡំថាសន្តិភាពបានមកដោយ ឯងៗនោះទេ»។

សូមបញ្ជាក់ថា ៖ «ទិវាជាតិនៃការចងចាំ ២០ ឧសភា! យុវជន សង្គមស៊ីវិលប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។» ៕ 

ដោយ ៖ សិលា


ចែករំលែក៖