ខេត្តក្រចេះ ៖ រដ្ឋបាលខេត្ដក្រចេះ បញ្ជាក់ថាក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។
រដ្ឋបាលខេត្ដក្រចេះ សង្កេតឃើញថាថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ ស៊ឹង ករុណា បានបង្ហោះសារវីដេអូ ស្នើសុំអន្តរាគមន៍ សម្តេចពុក សម្តេច ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយបញ្ហាក្រុមហ៊ុនកាម៉ាដេនូ បានឈូសឆាយយកដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ” ។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល និងចុះបញ្ជី ជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ មានផ្ទៃដីសរុប ៧.៤៥០ហិកតា (ជាផ្ទៃដីចុងក្រោយពីការកាត់ ឆ្វៀលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ)ដោយក្រុមហ៊ុនបានធ្វើការឈូសឆាយដាំដុះដំណាំអំពៅ។ កន្លងមក ទីតាំងដី ក្រុមហ៊ុននេះ តែងមានប្រជាពលរដ្ឋចូលទន្ទ្រាន កាន់កាប់ ដាំដុះដំណាំ និងសង់រោង ខ្ទមលើដីក្រុមហ៊ុនដែលបានឈូសឆាយហើយមិនទាន់ធ្វើការដាំដុះ និងត្រូវបានអាជ្ញាធរខេត្ត ស្រុក និងផ្នែកជំនាញសម្របសម្រួល និងដោះស្រាយ ជាបន្តបន្ទាប់។
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងផ្នែកជំនាញ និងតំណាងក្រុមហ៊ុន បានចុះជួបជាមួយប្រជាពលរដ្ឋចូលទន្ទ្រាន និងកាន់កាប់តាមក្រវ៉ាត់ព្រំក្នុងដីក្រុមហ៊ុនដែលបានចុះបញ្ជី និងឈូសឆាយរួច ដោយបានធ្វើការសម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋ ហើយពួកគាត់បានឯកភាពទទួលយកនូវដំណោះស្រាយ អនុញ្ញាតឱ្យក្រុមហ៊ុនកាយក្រវ៉ាត់ព្រំដី ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ និងមានប្រជាពលរដ្ឋយល់ព្រមចាកចេញ ចំនួន ១៦គ្រួសារ។
ដោយឡែកចំពោះឈ្មោះ ស៊ឹង ករុណា (ហៅពៅ) ដែលបានបង្ហោះសារវីដេអូ កន្លងមកធ្លាប់បានចូលទន្ទ្រាន និងកាន់កាប់យកដីក្នុងក្រុមហ៊ុននៅឆ្នាំ២០២២ ហើយត្រូវបានអាជ្ញាធរខេត្ត ស្រុក និងផ្នែកជំនាញបានចុះសម្របសម្រួលម្តងរួចមកហើយ ដោយឈ្មោះ ស៊ឹង ករុណា (ហៅពៅ) ឯកភាពចាកចេញពីទីតាំងដី ដែលបានកាប់ទន្ទ្រាន និងប្រគល់ដីជូនក្រុមហ៊ុនវិញដោយគ្មានលក្ខខណ្ឌ ៕
ដោយ ៖ សិលា