ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ​ នៅលើពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រីអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចធិបតី​ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកស្រីបានគោរពជម្រាបជូន សម្ដេចធិបតី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”។ លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង អង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន​ ទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រីអគ្គលេខាធិការវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថា​​​ មេរៀន​ និងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។ 

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកស្រី អគ្គលេខាធិការរង  និងអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីអំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញនៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ​ អ.វ.ត.ក.។

 ជាទីបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចបានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងនេះ ៕

ដោយ៖ សិលា

 

 

 

 


ចែករំលែក៖