ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីម៉ានីជ័យ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីម៉ានីជ័យ ខេត្តកំពង់ស្ពឺ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ នេះជាការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ 

លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបន្តថា ៖ ទទួលបានគោលការណ៍នេះ លោកអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ 

ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន៤ស្រុកប៉ុណ្ណោះ។

ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ 

ក្រសួងមហាផ្ទៃ មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជនថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ«សម្អាតផ្ទះយើង»របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិ ពិតជាមានសារៈសំខាន់ណាស់។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ 

ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖