ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ ! ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុតបន្ទាប់ពី ព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀត ប្រចាំឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុតបន្ទាប់ពី ព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀត ប្រចាំឆ្នាំ។ ដំបូងការប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លពុំបានកំណត់យកថ្ងៃណាមួយ ពិតប្រាកដទេ។ តែសម័យក្រោយមកទើប កំណត់យកថ្ងៃ៤ រោចខែពិសាខជាថៃ្ងប្រារព្វពិធីច្រត់ព្រះនង្គ័ល។ ដោយសារប្រទេសកម្ពុជាជាប្រទេសកសិកម្ម ពិសេសពឹងផែ្អកលើដំណាំស្រូវ និងមានព្រះមហាក្សត្រគង់ជាម្លប់សម្រាប់ប្រជារាស្រ្តទូទៅព្រះអង្គយាងចេញច្រត់ព្រះនង្គ័លតំណាងឱ្យម្ចាស់ស្រែទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

តាមពិតពិធីនេះមានតាំងពីសម័យពុទ្ធកាលនៅប្រទេសឥណ្ឌាមកម៉្លេះដូចមានសម្តែងក្នុងគម្ពីរព្រះសុត្តនបិដក និង ក្នុងគម្ពីរបឋមសម្ពោធ ជាដើម ។ ពិធីនេះក៏មានបង្ហាញក្នុងដំណើររឿងរាមកេរ្តិ៍ និង រឿងមហា ភារតយុទ្ធរបស់ឥណ្ឌាផងដែរ ។ 

ចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះប្រទេសកម្ពុជាប្រារព្ធពិធីនេះតាំងតែពីសម័យនគរភ្នំ (យសោធរបុរៈ) មកម្លេះ ។ ការផ្សងប្រផ្នូលនេះ គេ យករបស់ទាំង៧មុខដាក់លើថាសប្រាក់រូមមាន ស្រូវ ,ពោត ,សណ្តែក ,ល្ង ស្មៅ ,ទឹក ,និងស្រា ដើម្បីឲ្យគោឧសភរាជស៊ី ហើយក្នុងចំណោម របស់ទាំង៧មុខខាងលើ សុទ្ធតែមានទំនាយទាំង អស់លើកលែងតែ ស្មៅស្រស់ និង ស្រាចេញតែប៉ុណ្ណោះ ព្រោះបើផ្សងចំលើស្មៅស្រស់ នាំឱ្យមានប្រផ្នូលថានឹងមានជំងីអាសន្នរោគឆ្លងរាលដាលដល់ សត្វ ពាហនៈ រឺឯចំពោះស្រាវិញគឺមានប្រផ្នូល នាំឱ្យកើតមានវិបល្លាសក្នុង សង្គមដូចជាមានចោរលួច ចោរប្លន់។ ប្រសិនបើគោស៊ីវត្ថុមួយណា នោះក្រុមអាចារ្យបាគូ នឹងធ្វើការបកស្រាយទៅ តាមការជាក់ស្តែងលើវត្ថុទាំងនោះដែលគោស៊ីអស់តិច ឬច្រើន ។ ចំពោះព្រះស្រែវិញ ជាទីកនែ្លងតំណាងឱ្យទីវាលស្រែដ៍ធំល្វឹងល្វើយ។ នាសម័យបុរាណព្រះស្រែរបស់ ព្រះមហាក្សត្រត្រូវបានភ្ជូររាស់ធ្វើស្រែដោយពិតៗ។ តាំងពីសម័យបុរាណព្រះស្រែត្រូវបានផ្លាស់ប្តូរជាច្រើនកនែ្លង ។ 

នៅសម័យឧត្តុង្គព្រះស្រែហ្លួងស្ថិតនៅទិសនិរតីនៃព្រះរាជវាំងនៅជិត វត្តឈូកស សព្វថៃ្ងនេះគេហៅថាភូមិព្រះស្រែ។ រជ្ជកាលព្រះបាទ សមេ្តចព្រះនរោត្តម ព្រះស្រែហ្លួ ស្និតនៅឃុំលេខ៤ គឺនៅឆៀងទិស នារតី នៃព្រះបរមរាជវាំង។ក្រោយមកបានលើកទៅធ្វើនៅឃុំលេខ ៦នៅវាលវង់(វង់បរសេះ)ចាស់ខាងលិចវត្តប្រយូវង្ស ត្រង់ក្បែរថ្នល់ទៅ ព្រែតត្នោតពីខាងលិច។  

         រជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទ្រង់បានយកទីតាំងទីវាលព្រះមេរុខាងជើងព្រះបរមរាជរាំង ធ្វើព្រះរាជពិធីដោយព្រះស្រែ ក្នុងរជ្ជកាល ព្រះនរោត្តមត្រូវកាត់ធ្វើជាថ្នល់ ភូមិ និងផ្ទះអស់ខ្លះហើយ។ ឆ្នាំ១៩៤៥ ការប្រារព្វពិធីច្រត់ព្រះនង្គ័លបានផ្លាស់ព្រះស្រែទៅសួនខាងលិចវត្តភ្នំ ម្យ៉ាងវិញទៀត ក្នុងការប្រារព្វពិធីនេះជួនកាល ព្រះមហាក្សត្រទ្រង់ ចេញព្រះនង្គ័លដោយអង្គឯងពេលខ្លះទៀតព្រះអង្គចាត់ អ្នកជំនួស វិញដែលជាតំណាងព្រះមហាក្សត្រនិងត្រូវបានផ្តល់ងារឱ្យថា»ជាស្តេចមាឃនិងភរិយាជាមេហួ»ដោយមានគ្រឿងតុបតែងសម្លៀកបំពាក់ដូច ព្រះមហាក្សត្រដែរ៕

ប្រភព ៖ (ចំណេះដឹងទូទៅ)


ចែករំលែក៖