ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Impact Hub Phnom Penh ជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងគ្រប់ភាគីពាក់ព័ន្ធ។

ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស-និស្សិត នៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យទទួលបានការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខ ជំនាញដែលកំពុងសិក្សា តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សាតាមបែបចម្រុះ (Blended Learning) និងការអនុវត្តគម្រោងផ្ទាល់ (Project Based Learning) ជាពិសេសការបណ្តុះគំនិតអាជីវកម្មថ្មីៗ ឆ្លើយតបនឹងតម្រូវការផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍។

មានប្រសាសន៍ក្នុងឱកាសនេះដែរ  បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Impact Hub Phnom Penh ក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាទៅលើកម្មវិធីសិក្សាសហគ្រិនភាពជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧។ 

ជាមួយគ្នានេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីការលើកកម្ពស់សហគ្រិន ភាព។ វិធីសាស្ត្របង្រៀនក្នុងសតវត្សទី២១ គឺជាវិធីសាស្រ្ដមួយដែលបង្រៀនឱ្យសិស្សានុសិស្សចេះនូវបំណិនសតវត្សទី២១ ចេះដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម ចេះត្រិះរិះពិចារណាក្នុងការរិះរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ ជាពិសេស ចេះបង្កើតការងារសម្រាប់ខ្លួនឯង មានភាពជាអ្នកដឹកនាំ និងមានចំណេះដឹងខាងផ្នែកឌីជីថល។

សារជាថ្មីម្ដងទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Impact Hub Phnom Penh សម្រាប់កិច្ចសហការកន្លងមកជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសង្ឃឹមថានឹងបន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ៕

ដោយ៖ សូរិយា


ចែករំលែក៖