ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​​លើ​ជនត្រូវចោទ​ចំនួន៦នាក់ ពាក់ព័ន្ធ​បទល្មើសចំនួ​ន​៤

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួន​បណ្តោះអាសន្ន​​លើ​ជនត្រូវចោទ​ចំនួន៦នាក់ ឈ្មោះ ជា វណ្ណាត់ ហៅ សេក ឈ្មោះ ជា សុខលីន ឈ្មោះ ជា សុខនីន ហៅ អាតឿ ឈ្មោះ ជា សុខពេជ្រ ឈ្មោះ ឈឿន ចាន់ណា ហៅ អាឡេវ និងឈ្មោះ សឿយ សារ៉ាត់ ពីបទល្មើស​​ខាងលើ តាមមាត្រា២១៨ មាត្រា៤១០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូងខេត្តកណ្តាល ដែលទើប​ទទួល​បាននៅព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៤។ 

ប្រភពដដែលបន្តថា​ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃ​ទី​២៩​ ខែឧសភា​នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២១១ អ.ក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស, ធ្វើឱ្យខូចខាតដោយចេតនា, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ដែលមានជនត្រូវចោទមានខ្លួនចំនួន ០៦នាក់ គឺ៖ ១.ឈ្មោះ ជា វណ្ណាត់ ហៅ សេក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ជា សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ៣.ឈ្មោះ ជា សុខនីន ហៅ អាតឿ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ៤.ឈ្មោះ ជា សុខពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ៥.ឈ្មោះ ឈឿន ចាន់ណា ហៅ អាឡេវ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និង ៦.ឈ្មោះ ត្រើយ សារ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយ ចេតនា, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ ពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨, មាត្រា ៤១០ និងមាត្រា ៤៩០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា វណ្ណាត់ ហៅ សេក, ឈ្មោះ ជា សុខលីន, ឈ្មោះ ជា សុខនីន ហៅ អាតឿ, ឈ្មោះ ជា សុខពេជ្រ, ឈ្មោះ ឈឿន ចាន់ណា ហៅ អាឡេវ និងឈ្មោះ ត្រើយ សារ៉ាត់ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕

ដោយ៖ តារា​


ចែករំលែក៖