ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ជា “មហាវិថី ស៊ី ជីនពីង” ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធ “មហាវិថី ស៊ី ជីនពីង” កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកពីសារសំខាន់ ៣ ជាប្រវត្តិសាស្ត្រដល់កម្ពុជា ។

អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ៖

ទី១ -ការប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ជា “មហាវិថី ស៊ី ជីនពីង” ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលនឹងក្លាយជាសក្ខីភាពមួយថ្មីថែមទៀតបង្ហាញនូវការយកចិត្ត ទុកដាក់ខ្ពស់បំផុត និងកត្តញ្ញុតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្ត្រ និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្តមនូវកិត្តិនាម និងកិត្តិស័ព្ទ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។

ទី២-ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរនូវជំនឿជឿជាក់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារិកជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូបនៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន។

ទី៣ -ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ទាំងផ្លូវនៅខេត្ត និងរាជធានីភ្នំពេញ មានឈ្មោះផ្លូវជាច្រើនដែលបានដាក់ឈ្មោះជាវីរបុរស ជាឥស្សរជន ជាសប្បុរសជន ជាឈ្មោះពីប្រវត្តិសាស្ត្រ ជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ ជាឈ្មោះតាមវប្បធម៌ ជាឈ្មោះពីបរមបុរាណ ជាឈ្មោះតាមទម្លាប់ ជាមិត្តភាពកិច្ចសហប្រតិបត្តិរវាងប្រទេសនិងប្រទេស..។ល។ ដូចជា៖មហាវិថីសហព័ន្ធរុស្ស៊ី, ហ្សាលដឺហ្គោល, ប៉ាស្ទ័រ,មហាវិថីភ្នំពេញ-ហាណូយ,ស្ពានត្សឺប៉ាសា,វិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ…ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖