ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលល្អប្រសើររបស់នាយទាហាន ក្នុងវគ្គសិក្សា ជាមោទនភាពរបស់ជាតិនិងប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឯល វាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដែងការកោតសរសើរនឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងនាយ ទាហាន យោធាចារ្យ បុគ្គលិកបម្រើការ គ្រប់លំដាប់ថ្នាក់ ព្រម ទាំងកម្មសិក្សាការីទាំងអស់ ជំនះរាល់ឧបសគ្គទាំងឡាយ ស្ដែងចេញជាលទ្ធផលល្អប្រសើរក្នុងវគ្គសិក្សាកន្លងមកនេះ ។                           

នេះជាប្រសាសន៍លើកឡើងរបស់ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ក្នុងឱកាស អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល មធ្យមឋានលេខានិងសេនាធិការផែនទី ជំនាន់ទី ១ វគ្គបំប៉នយោធាចារ្យជំនាញភូមិសាស្ត្រជំនាន់ទី ៣ នឹងបើកវគ្គបណ្ដុះបណ្ដាល ជំនាញវាស់វែង គូផែនទីនិងនាំផ្លូវដោយប្រព័ន្ធផ្កាយរណបជំនាន់ទី ២ វគ្គបណ្ដុះបណ្ដាលឋានលេ ខានិងសេនាធិការផែនទីជំនាន់ទី ២១ វគ្គបំប៉នយោធាចារ្យ ជំនាញភូមិ សាស្ត្រជំនាន់ទី ៤ និងវគ្គបំប៉នជំនាញភូមិសាស្ត្រដល់នាយទា ហានកម្មសិក្សាការី ត្រៀមបំពេញកម្មសិក្សា នៅសាធារណរដ្ឋប្រជាពិនិត្យចិនជំនាន់ទី៤ ។                                                                          សូមបញ្ជាក់ថា ៖ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅមជ្ឈ មណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។                                                                 នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្តទៀតថាៈ នេះជាថ្ងៃមួយប្រកបដោយមោទកភាព ដែលមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិបានប្រារព្ធពិធីនេះឡើង យ៉ាងមហោឡារិក ដោយវត្តមាន នាយទាហានជាន់ខ្ពស់អញ្ជើញចូលរួម ញ៉ាំងឱ្យពិធីនេះកាន់តែអធិកអធមថែមមួយកម្រិតទៀត ។ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងវគ្គបំប៉នជំនាញផែនទីភូមិសាស្ត្រឆ្នាំ ២០២៤ គឺជាការចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីកំណែ ទម្រង់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ដឹកនាំដ៏ឆ្នើមរបស់យើង សំដៅពង្រឹងពង្រីក(ខ.ភ.ម)ឆ្ពោះទៅរកការអភិវឌ្ឍន៍ ធនធានមនុស្ស ប្រកបដោយគុណភាពនិងសមត្ថ ភាព សក្តិសមជាកងទ័ពអាជីព ពិតប្រាកដបម្រើបានល្អភារកិច្ចការ ពារជាតិមាតុភូមិនៃយើង តទៅអនាគត ។                                     ក្នុងរបាយការណ៍ បូកសរុបលទ្ធផល វគ្គសិក្សាឆ្នាំ ២០២៣ អានដោយឧត្តមសេនីយ៍ទោ បណ្ឌិត ទេពចំរើន សាម៉ាឌី នាយកនាយក ដ្ឋានភូមិសាស្ត្រ រំលេចឡើងពីវឌ្ឍនភាពនៃការសិក្សារបស់កម្ម សិក្សាការី ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ យោធាចារ្យនិងបុគ្គលិកបម្រើការ ធ្វើឱ្យវគ្គសិក្សាទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ។ ជាក់ស្ដែង ដោយអនុវត្តតាមផែនការរបស់គណៈកម្មការហ្វឹកហ្វឺនរបស់(ខ.ភ.ម)សម្រាប់ឆ្នាំ ២០២២ នាយកដ្ឋានភូមិសាស្ត្រដំណើរការហ្វឹកហ្វឺនឋានលេខានិងសេនា ធិការផែនទីសំដៅអភិវឌ្ឍន៍ធនធានមនុស្សដូចខាងក្រោម:                                                

១-ទទួលនាយទាហានពីបណ្ដាកងឯកភាពទូទៅ (ខ.ភ.ម)មករៀន សូត្រនៅមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធារបស់នាយកដ្ឋានភូមិ សាស្ត្រមានចំនួន ៩៩ រូបមាននាយទាហានផ្ទៃក្នុង ២២ រូបបានចូលរួម។                                                                             ២-ចុះហ្វឹកហ្វឺនចល័ត ដល់បណ្ដាកងឯកភាពជួរមុខដើម្បីឲ្យនាយ ទាហាន គ្រប់រូប ចេះប្រើប្រាស់ជំនាញ ឋានលេខា និងសេនាធិការផែនទី កាន់ល្អប្រសើរគ្រប់ៗគ្នា ។                                                  ជាលទ្ធផលវគ្គបណ្ដុះបណ្ដាលមធ្យមជំនាន់ទី១ មានកម្មសិក្សាការីសរុប ១២១ រូបបញ្ចប់ការសិក្សាដោយជោគជ័យ ដែលនាយទាហានម្នាក់ៗ ទទួលបានចំណេះជំនាញថ្មីៗ ដើម្បីយកទៅអនុវត្តនៅកងឯក ភាពរបស់ខ្លួន ។ ឯលទ្ធផលវគ្គបណ្ដុះបណ្ដាលមធ្យមឋានលេខា និងសេនាធិការផែនទីជំនាន់ទី ១ កម្មសិក្សាការីចំនួន ៩៩ រូបមាននីតិល្អប្រសើរ ១៦ រូប និទ្ទេសល្អណាស់ចំនួន ១៦ រូបនិទ្ទេសល្អ ៣៩ រូប និទ្ទេសល្អបង្គួរ ១៦ រូប និទ្ទេសមធ្យម ១២ រូប ។ ឯវគ្គបំប៉នជំនាញឋានលេខា និងសេនាធិការផែនទី យោធាចារ្យជំនាន់ទី ៣ ចំនួនកម្ម សិក្សាការី ២២ រូប ។ ទទួលបាននិទ្ទេសល្អប្រសើរ ១០ រូបនិទ្ទេសល្អណាស់ ១១ រូបនិងប្រទេសល្អ ១ រូប ។  បន្ទាប់មក តំណាងកម្មសិក្សាការី ឡើងប្ដេជ្ញាចិត្តថា: នឹងទទួល យកចំណេះជំនាញទាំងនេះ ទៅបម្រើ ដល់កងឯកភាពឱ្យទទួលជោគជ័យ ១០០ ភាគ រយនិង អនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ តំណាង នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលដាស់តឿនក្រើនរំឮកនាពេលនេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖