ព័ត៌មានទាន់ហេតុការណ៍៖

Mbappe ចុះកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៩

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappe បានចុះកិច្ចសន្យាចូលរួមជាមួយ Real Madrid លើការផ្ទេរនៅពេលដែលកិច្ចព្រមព្រៀង Paris St-Germain របស់គាត់ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានយល់ព្រមផ្ទេរទៅកាន់កីឡដ្ឋាន Bernabeu ក្នុងខែកុម្ភៈ ហើយបន្ទាប់មកបានប្រកាសក្នុងខែឧសភាថា គាត់នឹងចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ។

Mbappe វ័យ២៥ឆ្នាំបានចុះកិច្ចសន្យាជាមួយ Real Madrid ហើយនឹងផ្លាស់ទៅប្រទេសអេស្ប៉ាញនៅពេលដែលទីផ្សារដោះដូរកីឡាករ La Liga បើកនៅថ្ងៃទី១ ខែកក្កដា។

Real Madrid ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងនៅសប្តាហ៍ក្រោយ ហើយអាចបង្ហាញខ្លួនជាផ្លូវការនៅ Bernabeu មុនពេល Euro 2024។

Mbappe ដែលជាម្ចាស់ជើងឯក World Cup 2018 គឺជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ PSG ជាមួយនឹង២៥៦គ្រាប់ចាប់តាំងពីគាត់បានចូលរួមជាមួយពួកគេពី Monaco ក្នុងលក្ខខណ្ឌខ្ចីជើងដំបូងក្នុងឆ្នាំ២០១៧។

គាត់បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៩ ដោយទទួលបាន១៥លានអឺរ៉ូក្នុងមួយរដូវកាល បូកនឹងប្រាក់បន្ថែមលើការចុះហត្ថលេខា១៥០លានអឺរ៉ូ ដែលត្រូវបង់ក្នុងរយៈពេល៥ឆ្នាំ ហើយគាត់នឹងរក្សាភាគរយនៃសិទ្ធិរូបភាពរបស់គាត់។

កីឡាករសញ្ជាតិបារាំងនឹងទទួលបានឱកាសលេងជាមួយ Luka Modric ដោយខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះនឹងចុះហត្ថលេខាបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំជាមួយក្លិប។ 

Modric វ័យ៣៨ឆ្នាំបានចូលជាកីឡាករបម្រុង ខណៈដែល Real Madrid បានឈ្នះពានរង្វាន់ Champions League ជាលើកទី១៥របស់ពួកគេជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Borussia Dortmund នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។

កិច្ចសន្យាបច្ចុប្បន្នរបស់អតីតខ្សែបម្រើក្រុម Tottenham នឹងត្រូវផុតកំណត់នៅចុងខែនេះ ប៉ុន្តែគេរំពឹងថានឹងស្នាក់នៅរយៈពេល១២ខែបន្ថែមទៀត។ កីឡាករសញ្ជាតិអាឡឺម៉ង់ Toni Kroos វ័យ៣៤ឆ្នាំបានបើកផ្លូវឱ្យ Modric លេងដែលនៅសល់៤នាទីទៀតចប់ការប្រកួតសម្រាប់ការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ក្លិបបន្ទាប់ពី១០ឆ្នាំ។

Real Madrid នឹងរៀបចំក្បួនដង្ហែពានរង្វាន់ឆ្លងកាត់រដ្ឋធានីអេស្ប៉ាញនៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖