ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះហៅថា កំពង់ផែអន្តរជាតិកំពត។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញ ដោយសារកុំឱ្យមានការយល់ច្រឡំ ពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ១នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឱ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី១ មុនគេតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមិនទាន់បានឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវរៀបចំកំពង់ផែនីមួយៗឱ្យទៅជាកម្រិតថ្នាក់ទី 1B, 2B ទៅតាមកម្រិតអន្តរជាតិខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន ឬកំពង់ផែឯកជន ដើម្បីឱ្យកំពង់ផែទាំងនោះអាចទទួលការដឹកជញ្ជូនផេ្សងៗបាន។

បើទោះបីជាកំពង់ផែពហុបំណងកំពតនេះបានបោះទុនវិនិយោគពីវិស័យឯកជន ដែលមានក្រុមហ៊ុនកំពតផត ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ធ្វើឱ្យប្រសើរឡើងពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកំពត ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិផងដែរ។

សូមបញ្ជាក់ថា ៖ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។

កំពង់ផែសមុទ្រទឹកជ្រៅនេះ មានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០ តោន ដល់ ១០០,០០០ តោន អាចចូលសំចតបាន និង ជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូល ក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។

ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក ២០៧ ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ ៕

ដោយ ៖ សិលា


ចែករំលែក៖