ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនត្រូវត្រូវចោទ២នាក់និងបក្ខពួកពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនត្រូវចោទ២នាក់នោះគឺម្នាក់ឈ្មោះ នឹម តុលា ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ រ៉ាន់ ស៊ីថៃ ភេទប្រុស អាយុ១៨ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានគ្នាជាច្រើននាក់បានប្រមូលផ្តុំគ្នាបម្រុងធ្វើសកម្មភាពដេញវាយនិងកាប់គ្នានៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០០នាទីយប់ នៅពេលដែលកម្លាំងសមត្ថកិច្ចបានទៅដល់ចំណុចកើតហេតុ ក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវបានសមត្ថកិច្ច ជិះម៉ូតូដេញតាមនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងរួមមាន ១.កាំបិតដែកកែច្នៃចំនួន០១ ដើម, ២.ដុំថ្មចំនួន០២ដុំ , ៣.ម៉ូតូ០១ គ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-3970, ៤.ធុងសម្រាប់ដាក់ម្ហូបចំនួន ០១ , ៥.ទូរស័ព្ទ IPhone 7 Plus ពណ៌ខ្មៅ និង៦.ទូរស័ព្ទ IPhone 7 Plus ពណ៌ស្លែ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ឋនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី អាចសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ឬអនុញ្ញាតឲ្យនៅក្រៅឃុំតាមឆន្ទេនុសិទ្ធិរបស់ចៅក្រម៕
ដោយ រ៉ារ៉ា