ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន ស្តីពីការដោះស្រាយបញ្ចប់ដោយជោគជ័យនូវសំណុំរឿងវិវាទរ៉ាំរ៉ៃអស់រយៈពេលជាង ១៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចេញ  សេចក្តីប្រកាសព័ត៌មាន ស្តីពី ការដោះស្រាយបញ្ចប់ដោយជោគជ័យនូវសំណុំរឿងវិវាទរ៉ាំរ៉ៃអស់រយៈពេលជាង ១៤ ឆ្នាំ ។ 

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) មានកិត្តិយសសូមជម្រាប ជូនដល់សាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក. នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សោភ័ណ សមាជិកនៃ អ.ជ.ក. បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយវិវាទលើសំណុំរឿងវិវាទមួយ ដែលភាគីប្តឹងផ្តល់គ្នាតាំងពីសាលា ដំបូង រហូតដល់តុលាការកំពូល ហើយមកដល់បច្ចុប្បន្ន អស់រយៈពេលជាង ១៤ ឆ្នាំ តែនៅមិនទាន់អាចដោះស្រាយបញ្ចប់នៅ ឡើយ។

ក្រោមការសម្រុះសម្រួលដោយ អ.ជ.ក. អស់រយៈពេលជាង ២ ម៉ោង វិវាទដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីទាំងអស់បានយល់ព្រមផ្សះផ្សាបញ្ចប់វិវាទខាងលើ ហើយបានឯកភាពលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលរៀបចំដោយ អ.ជ.ក.។ វិវាទដ៏រ៉ាំរ៉ៃនេះ គឺជាសំណុំរឿងវិវាទទី១ ដែលត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យក្នុង ក្របខ័ណ្ឌនៃ អ.ជ.ក.។ ដោយឡែក ចំពោះសំណុំរឿងផ្សេងទៀត, អ.ជ.ក. នឹងបន្តខិតខំពន្លឿនចំណាត់ការរបស់ខ្លួន ក្នុងការពិនិត្យ និងដោះស្រាយនូវសំណុំរឿងវិវាទជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖