ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតប្រធានាធិបតីអុីរ៉ង់ មានបេក្ខជន៦រូប នឹងត្រូវប្រកួតប្រជែង

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤នេះបានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ក្រុមប្រឹក្សាអាណាព្យាបាល (Guardian Council) អ៉ីរ៉ង់ បានអនុម័តឱ្យបេក្ខជនចំនួន៦រូប ឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅចុងខែមិថុនាខាងមុខនេះ បន្ទាប់ពីការស្លាប់របស់លោក Ebrahim Raisi។
តាមបញ្ជីរាយនាមបេក្ខជនដែលប្រកាសដោយអ្នកនាំពាក្យការិយាល័យបោះឆ្នោត បេក្ខជនទាំង ៦រូបនោះ រួមមានលោក Mohammad Baqer Qalibaf ប្រធានសភាអ៉ីរ៉ង់ដែលគេស្គាល់ថាជាបុគ្គលមានគោលជំហររឹងរូស និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍។ លោក Saeed Jalili អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងធ្លាប់គ្រប់គ្រងការិយាល័យរបស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៉ីរ៉ង់អស់រយៈពេល ៤ឆ្នាំ។ លោក Alireza Zakani អភិបាលក្រុងតេហេរ៉ង់បច្ចុប្បន្ន។ លោក Masoud Pezeshkian សមាជិកសភា អ៉ីរ៉ង់កំណែទម្រង់និយម។ លោក Mostafa Pourmohammadi អតីតរដ្ឋមន្ត្រីមហាផ្ទៃ និងលោក Amir-Hossein Ghazizadeh Hashemi អ្នកនយោបាយអភិរក្សនិយម។ ក្រោយការប្រកាសសមាសភាពបេក្ខជនរួចរាល់ សកម្មភាពបម្រើបោះឆ្នោតរបស់ពួកគេ នឹងត្រូវចាប់ផ្តើមជាផ្លូវការ។
អ៉ីរ៉ង់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២៨ ខែមិថុនា។ ក្រុមប្រឹក្សាអាណាព្យាបាលបានដកសិទ្ធិអតីតប្រធានាធិបតី លោក Mahmoud Ahmadinejad និងអតីតប្រធានសភា លោក Ali Larijani ដែលជាអ្នកអភិរក្សដ៏លេចធ្លោម្នាក់ មិនឱ្យចូលរួមប្រកួតប្រជែងនោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ ANTV


ចែករំលែក៖