ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាបន្តដាំដើមត្នោតនៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា ដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ

ចែករំលែក៖

ខេត្តសៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗបានបណ្តុះនិងដាំកូនឈើពូជប្រណីតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណីតៗ អាជ្ញាធរជាតិអប្សរាក៏បានគិតគូរចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ។ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរក៏បានដាំដុះឡើងវិញផងដែរ។ 

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោតនិងទឹកត្នោតសម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនឹងការបាត់បង់ដើមឈើជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។

លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោតដែលបានដាំដុះរួចកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើមរួចមកហើយ។ ខណៈក្រុមការងារក៏កំពុងបណ្តុះ នៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណនារដូវវស្សាខាងមុខនេះ។

នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមកលូតលាស់ហើយអាចអាស្រ័យផលបាន បងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផល តាមរយៈការបេះផ្លែ និងទឹកត្នោតយកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរា សូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖