ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ប្រកាសសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន១៩រូបឱ្យចូលបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ប្រកាសសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌចំការមន១៩រូបឱ្យចូលបំពេញការងារបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានល្អ បន្ទាប់ពីប្រជាពលរដ្ឋ បានផ្ដល់សិទ្ធិអំណាចជូននាពេលកន្លងមកនេះ ។ ដូច្នេះ ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ក្នុងនាមជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការ អភិវឌ្ឍនៅក្នុងមូលដ្ឋាន។
លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើជាអធិបតីក្នុងពិធីប្រកាសអោយចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅកោះពេជ្រ ខណ្ឌចំការមន។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ក្រុមប្រឹក្សាអាណត្តិទី៣គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍមូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការការពារសន្តិសុខក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន។ យើងត្រូវប្តេជ្ញាចិត្តរួមគ្នាអភិវឌ្ឍន៍ប្រទេសអោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋាន ត្រូវចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលម្អអោយមានសោភណភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលបន្តទៀតថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែ ខុសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាមច្បាប់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក្នុងនោះ គណបក្សនយោបាយចំនួន ៥ គណបក្សបានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន ៨៩៩ នាក់ ចែកចេញជា១៤ ការិយាល័យបោះឆ្នោត។ ជាលទ្ធផល សម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្ស ប្រជាជនកម្ពុជាទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។ ដោយឡែក ចំពោះក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ២៥៣/២៧០ អាសនៈ និងគណបក្ស ឆន្ទៈខ្មែរទទួលបានអាសនៈ ១៧/២៧០ អាសនៈ ក្នុងនោះ តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធានក្រុមប្រឹក្សាខណ្ឌទាំង១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់។ ដោយឡែកសំរាប់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាសអោយចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោកព្រុំ សំខាន់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន សំរាប់អាណត្តិទី៤នេះ៕ ដោយ សំរិត


ចែករំលែក៖