ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ប្រហែលជាម៉ោង៧ជាង ជ្រូកព្រៃមួយក្បាលទម្ងន់ប្រហែល៧០គីឡូមិនដឹងមកពីណាទេបានខាំប្រជាជនម្នាក់ឈ្មោះឡី ឡៃ អាយុ៦៨ឆ្នាំរងរបួសជើងនិងដងខ្លួនពេលគាត់កំពុងជីកដីធ្វើរបងផ្ទះនៅចំកណ្តាលភូមិរុន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាល្ងាចថ្ងៃដដែលនេះ។
លោកបណ្ឌិត សៀង ណាំ ជូនពរប្អូនប្រុសឆាប់ជានិងបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ នាថ្ងៃទី១៤ខែ៦ឆ្នាំ២០២៤ វិញ ។
សូមបញ្ជាក់ថា ៖ ជ្រូកព្រៃ ប្រភេទសត្វមានបង្គួរ មានវិញ្ញាណវៃបំផុត ដោយប្រើច្រមុះ និងត្រចៀក។
ជ្រូកព្រៃស្ថិតក្នុងប្រភេទមានដោយបង្គួរព្រោះវាមានអត្រាខ្ពស់ក្នុងការបង្កកំណើត។
ជ្រូកព្រៃមានវត្តមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងមានការរីកសាយភាយ។
ជ្រូកព្រៃក៏មានវត្តមាននៅស្ទើរគ្រប់តំបន់នៅ លើ ពិភពលោក។
មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោក មានសត្វជ្រូកព្រៃប៉ុន្មានឡើយ តែសត្វជ្រូកព្រៃត្រូវបានគេវាយតម្លៃថាមានចំនួនច្រើន និងមានស្ថេរភាពនៅតាមតំបន់ការពារធម្មជាតិ។
កម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនសត្វជ្រូកព្រៃនៅទូទាំងប្រទេសនៅឡើយទេ។
តែយោងតាមរបាយការណ៍សិក្សារវាងក្រសួងបរិស្ថាននិងអង្គការ WCS និងអង្គការ WWF គ្រាន់តែនៅ ដែនជម្រកសត្វព្រៃកែវសីម៉ា មានវត្តមានសត្វជ្រូកព្រៃប្រមាណ ១១៦០ក្បាល ក្នុងឆ្នាំ២០២០កន្លងទៅ ដែនជម្រកសត្វព្រៃស្រែពកមានប្រមាណ ២១៧០ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានប្រមាណ ១៨៤៨ ក្បាល។
នៅតាមតំបន់ការពារធម្មជាតិផ្សេងទៀត ត្រូវបានកត់សម្គាល់ថាមានវត្តមានជ្រូកព្រៃកើនឡើង ដោយសារ តែការការពារនិងអភិរក្សតំបន់ការពារធម្មជាតិដែលជាទីជម្រក កន្លែងរកចំណី និងប្រភពទឹករបស់វាបានល្អប្រសើរ។
ជ្រូកព្រៃជាសត្វដែលមានសម្បុរប្រែប្រួលទៅតាមវ័យ។ ពេលនៅតូចវាមានសម្បុរប្រផេះឬត្នោត និងប្រែទៅជាពណ៌ប្រផេះសុទ្ធនៅពេលវាមានអាយុ ៥ ឆ្នាំទៅ។ ជ្រូកបាមានកន្ទុយបះត្រង់ទៅក្រោយ ឬបះត្រង់ទៅលើ ឯជ្រូកព្រៃមេមានកន្ទុយសំយ៉ុងចុះក្រោម។ ជ្រូកព្រៃមានចង្កូមមួយគូដុះលូតចេញជាខ្នាយស្រួច ជួនកាលខ្នាយស្រួចនោះកោងខុបចុះក្រោមជារង្វង់ ដែលជាអាវុធដ៏សំខាន់សម្រាប់ការពារខ្លួន និងសម្រាប់ឈ្មួសដី។ ជ្រូកព្រៃមានវិញ្ញាណវៃបំផុតដោយប្រើច្រមុះ និងត្រចៀក។
ជ្រូកព្រៃដោយញីឈ្មោលនៅខែវិច្ឆិកា ហើយក្រោយពីមានពពោះរយៈពេល ៥ខែ ជ្រូកមេអាចផ្តល់កំណើត ឱ្យកូនពី ៤ ទៅ ៨ ក្បាល និងលើកបន្តបន្ទាប់ពី ១៥ ទៅ ១៧ ក្បាល និងបំបៅដោះពី ៣ ទៅ ៤ ខែ។ សត្វជ្រូកព្រៃញីអាចបន្តពូជបានពីអាយុ ៦ ទៅ ៧ ខែ។ អាយុកាលរបស់ជ្រូកព្រៃពី ១០ ទៅ ១២ឆ្នាំ និងខ្លះរហូតដល់ ២០ឆ្នាំ ៕
ដោយ ៖ សិលា