ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសរកបាន៣ពិន្ទុក្នុងពូល C នៅ Euro 2024 ខណៈដាណឺម៉ាកបានត្រឹមស្មើស្លូវេនៀ

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Jude Bellingham បានជួយអង់គ្លេសឈ្នះក្នុងការចាប់ផ្តើមដែលពួកគេនៅ Euro 2024 ជាមួយនឹងការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងការបង្ហាញពីទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះលើក្រុមស៊ែប៊ី ១ទល់០ ក្នុងទីក្រុង Gelsenkirchen កាលពីរាត្រីថ្ងៃទី១៦ឈានចូល១៧ មិថុនានេះ។ ចំណែកក្រុមដាណឺម៉ាកបានត្រឹមស្មើ១ទល់១ជាមួយស្លូវេនៀក្នុងការប្រកួតជម្រុះក្នុងពូលនេះដែរ ។

ក្តីសុបិនរបស់ Bellingham ដែលនាំឱ្យគាត់ឈ្នះពានរង្វាន់ Champions League នៅចុងបញ្ចប់នៃយុទ្ធនាការដំបូងរបស់គាត់ជាមួយក្រុម Real Madrid បានបន្ត ខណៈដែលគាត់បានបង្ហាញខ្លួនយ៉ាងល្អ ត្រូវបានគេចាត់ទុកថាជាកំពូលតារាថ្មីរបស់ប្រទេសអង់គ្លេស។

កីឡាករវ័យ២០ឆ្នាំរូបនេះបានរកគ្រាប់បាល់បើកឆាកដំបូងរបស់គាត់ពីការបញ្ជូនបាល់របស់ Bukayo Saka ជាមួយនឹងការតែតបាល់បញ្ចូលទីដ៏អស្ចារ្យនៅនាទីទី១៣នាទី ខណៈដែលក្រុមរបស់លោក Gareth Southgate បានទទួលជ័យជម្នះក្នុងពូល C ដោយឈរលើគេមាន៣ពិន្ទុ។

ក្រុមជម្រើសជាតិអង់គ្លេស ដែលបានចាប់ផ្តើមជាមួយនឹងខ្សែការពារ Trent Alexander-Arnold របស់ Liverpool នៅខ្សែបម្រើកណ្តាល បានប្រើទម្រង់លេងចាស់វិញ បន្ទាប់ពីការប្រកួតនៅតង់ទី២ដែលធ្វើឲ្យក្រុមស៊ែប៊ីបន្តដាក់សម្ពាធ ហើយរហូតដល់ស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទី Jordan Pickford បានធ្វើការសង្គ្រោះយ៉ាងសំខាន់ពីការស៊ុតរបស់ Dusan Vlahovic ។

ក្នុងការប្រកួតនោះដែរ ប្រធានក្រុម Harry Kane មានឱកាសបណ្តើរបាល់ខិតចូលទីគូប្រកួតដែរ នៅពេលដែលការបញ្ជូនបាល់ពីកីឡាករបម្រុង Jarrod Bowen ទៅយ៉ាងអស្ចារ្យ ប៉ុន្តែបានស៊ុតលើរបារទី ដោយអ្នកចាំទីសញ្ជាតិស៊ែប៊ី Predrag Rajkovic ដោលបាល់ចេញ។

អង់គ្លេសមាន៣ពិន្ទុក្នុងការប្រកួតបើកឆាកនេះ ហើយនេះគឺជាលទ្ធផលដែលនឹងបញ្ជូនពួកគេទៅក្នុងការប្រកួតពូល C បន្តទៀតដោយត្រូវជួបជាមួយនឹងក្រុមដាណឺម៉ាកនៅថ្ងៃព្រហស្បតិ៍ ៕

ដោយ៖ ភារៈ


ចែករំលែក៖