ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន អញ្ជើញលោក គីម ទៅទស្សនកិច្ចនៅមូស្គូវិញម្តង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រូបលោកអរគុណការគាំទ្ររបស់កូរ៉េខាងជើង អំឡុងដំណើរបំពេញទស្សនកិច្ចកម្រមួយដើម្បីជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង។
ក្នុងពេលចាប់ផ្តើមនៃកិច្ចពិភាក្សាជាមួយលោក គីម ជុងអ៊ុន លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងអរគុណណាស់សម្រាប់ ការគាំទ្រជាប្រព័ន្ធនិងឥតប្រែប្រួលរបស់អ្នកចំពោះគោលនយោបាយរបស់ប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងលើបញ្ហាអ៊ុយក្រែនផងដែរ។ ថ្ងៃនេះ ឯកសារគោលថ្មីមួយត្រូវបានរៀបចំឡើងដែលនឹងបម្រើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់យើងសម្រាប់រយៈពេលវែង»។ វិមានក្រឹមឡាំង បានចេញផ្សាយឯកសារមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបង្ហាញថា រុស្ស៉ីទំនងមានផែនការចុះសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្រ្ត» ជាមួយកូរ៉េខាងជើង។
លោកប្រធានាធិបតីរុស្ស៉ី បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយលោក គីម ជុងអ៊ុន បានទៅទទួលស្វាគមន៍លោក ដោយផ្ទាល់នៅឯព្រលានយន្តហោះ និងបានរៀបចំពិធីយ៉ាងឱឡារិកបំផុត ដើម្បីផ្តល់កិត្តិយសដល់ លោក ពូទីន។ លោក ពូទីន ក៏បានអញ្ជើញលោក គីម ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូផងដែរ។ លោក ពូទីន បាននិយាយថា «ខ្ញុំរីករាយណាស់អំពីជំនួបថ្មីរបស់យើងពេលនេះ។ ខ្ញុំសង្ឃឹមថា ជំនួបបន្ទាប់ទៀតនឹងកើតមានឡើងនៅប្រទេសរុស្ស៉ី គឺនៅទីក្រុងមូស្គូ»។ កាលពីខែកញ្ញា ឆ្នាំមុន លោក គីម ក៏ធ្លាប់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៉ី ហើយជួបលោក ពូទីន ផងដែរ ប៉ុន្តែទស្សនកិច្ចនាពេលនោះត្រូវបានធ្វើឡើងនៅឯតំបន់ចុងបូព៌ារបស់
រុស្ស៉ី។
ទីក្រុងព្យុងយ៉ាង បានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតមួយរបស់ទីក្រុងមូស្គូ អំឡុងសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការផ្តល់សំឡេងគាំទ្រដល់ការឈ្លានពានរបស់រុស្ស៉ី និងការពង្រឹងចំណងទាក់ទងការពារជាតិ។ ភាពកាន់តែស្និទ្ធស្នាល់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានបង្កក្តីព្រួយបារម្ភក្នុងចំណោមក្រុមប្រទេសលោកខាងលិច ដែលជឿថា រុស្ស៉ីបាននិងកំពុងប្រើប្រាស់អាវុធរបស់កូរ៉េខាងជើង នៅលើសមរភូមិអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖