ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះធ្វេីសកម្មភាពគប់កញ្ចក់រថយន្តលោកមេធាវីម្នាក់ដើម្បីបញ្ចេញកំហឹងលេីស្រីម៉ាស្សា បង្កឡេីងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥និង៣០នាទីព្រឹកនៅតាមផ្លូវបេតុង ខាងត្បូងខ្លោងទ្វារវត្តស្ងួនពេជ្រ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហៀង ពិសី អាយុ៣២ឆ្នាំ ជាជនដៃដល់ ។ ទី២-ឈ្មោះ វ៉ន គុយនាង អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឌុបជនសង្ស័យទី១ ហើយជនសង្ស័យទាំង២នាក់រស់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
ចំណែកជនរងគ្រោះឈ្មោះ ជុំ ធីរិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេធាវី ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ១៣C ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។ រថយន្តរបស់គាត់ដែលរងការខូចខាតដោយការគប់នោះ ម៉ាក Lexus LX 470 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AG-5657 មានស្នាមប្រេះនៅកញ្ចក់ផ្នែកខាងមុខរថយន្តចំនួន១កន្លែង និងមានស្នាមទ្រុឌ១កន្លែងលើគម្របម៉ាសុីន ។
គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងប្រហែល ០៥និង៣០នាទីព្រឹក ជនរងគ្រោះបានបើករថយន្តមានភិនភាគដូចខាងលើចេញពីផ្ទះនៅភូមិថ្មដា តាមផ្លូវបេតុងភូមិស្ងួនពេជ្រក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាមកដល់ក៏បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តជនរងគ្រោះតែម្ដង រួចជិះគេចខ្លួនទៅទិសខាងត្បូងបាត់ ចំណែកឯជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងសុំឱ្យនគរបាលប៉ុស្តិ៍កន្ទោកជួយធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទើបឃាត់ខ្លួនជនសង្ស័យបាន។
ក្រោយពីការសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើមែន ព្រោះខឹងនឹងស្រីម៉ាស្សាម្នាក់យកលុយពួកគេចំនួន២ម៉ឺនរៀល ។ បន្ទាប់មករត់បាត់ អត់ម៉ាស្សាឱ្យពួកគេ ហើយពួកគេក៏បានជិះម៉ូតូតាមរកអត់ឃើញ ស្រាប់តែឃើញរថយន្តខាងលើមកដល់ស្មានថាស្រីម៉ាស្សាម្នាក់នោះនៅក្នុងរថយន្តខាងលើ ទើបយកកែវជប់ខ្យល់គប់តែម្ដងទៅ៕
ដោយ ៖ ភារ៉ា ដង្កោ