ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីយកពូថៅវាយលើអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០នាទី នៅត្រង់ចំណុច ភូមិស្តៅ ឃុំស្តៅ ស្រុកកង មាស ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង ជំនាញ នាយកដ្ឋាន សហការជាមួយ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី ធារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធ ករណីប៉ុនប៉ងឃាតកម្ម។ 

សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ប្រហែល២១៖២០នាទី មានករណី ប៉ុនប៉ងឃាតកម្ម នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លេីជនរងគ្រោះឈ្មោះ ព្រួយ សុខណាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ វ៉ន វណ្ណេី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ ហេីយឈ្មោះ ព្រួយ សុខណាង និងឈ្មោះ វ៉ន វណ្ណេី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ 

តាមចម្លេីយ សាកសួរបឋមរបស់ជនសង្ស័យ បានសារភាព ថា ខ្លួនបានយកពូថៅទៅវាយអតីតប្រពន្ធឈ្មោះ ព្រួយ សុខណាង និងអតីតម្តាយក្មេកឈ្មោះ វ៉ន វណ្ណេី ដែលទេីបលេងលះគ្នា រយៈពេល ប្រហែល០១ខែ បណ្តាលឲ្យរងរបួសជាទម្ងន់ ពិតប្រាកដមែន ។

បច្ចុប្បន្ន នាយដ្ឋាន បានប្រគល់ជនសង្ស័យខាងលេី ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បី ធ្វេីការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖