ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ហៅគ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្ដាជ្រាបថា ៖ នៅពេលថ្មីៗនេះមានការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថាខ្លួនពូកែ ។ បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ដើម្បីរង់ចាំសុំគោលការណ៍អនុវត្តបន្តពី លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួុយគ្នានោះបើតាមសមត្ថកិច្ចសួរនាំគឺគាត់សារភាពថារូបភាពខាងលើនេះគឺបានបង្ហោះកាលពីខែមេសាឆ្នាំ២០២២មកម្លេះ។

 អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មាន ។ 

សូមបញ្ជាក់ថា ៖ គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈ ក្រោយវីដេអូបាញ់ខ្លួនឯងមិនធ្លុះត្រូវបានបង្ហោះលើហ្វេសប៊ុក និងមានការចែកចាយព្រោងព្រាត។ 

គ្រូផេះគ្រូអង្កាម បានសុំមេត្តាអនុគ្រោះយោគយល់ដល់លោកដែលជាមនុស្សល្ងិតល្ងង់ មិនស្គាល់អំពីច្បាប់ទម្លាប់ ហើយសូមធ្វើការសន្យាថា មិនឲ្យមានសកម្មភាព ឬរូបភាពបែបនេះដែលប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសេចក្តីថ្លៃថ្នូរ កើតមាននៅកម្ពុជាទៀតឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖