ព័ត៌មានទាន់ហេតុការណ៍៖

ក្រូអាតត្រូវការឈ្នះអុីតាលី ដើម្បីបន្តក្តីសង្ឃឹមវគ្គ១៦ក្រុម ខណៈអាល់បានីប៉ះអេស្ប៉ាញ

ចែករំលែក៖

ក្រុមជម្រើសជាតិក្រូអាតត្រូវប៉ះក្រុមការពារតំណែងជើងឯក អុីតាលីនៅក្នុងការប្រកួតវគ្គជម្រុះតាមពូលចុងក្រោយនៅវេលារំលងម៉ោង២អធ្រាត្រឈានចូលថ្ងៃទី២៥ មិថុនានេះដើម្បីប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ។ រីឯក្រុមជម្រើសជាតិអាល់បានីត្រូវប៉ះក្រុមគោជល់អេស្ប៉ាញនៅវេលាម៉ោងជាមួយគ្នានេះដែរ ខណៈដែលអេស្ប៉ាញបានកក់កៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិរួចទៅហើយ។

ក្រូអាតអាចនិយាយបានថា ត្រូវការឈ្នះជាចាំបាច់ទើបអាចប្រជែង និងមានក្តីសង្ឃឹមក្នុងវគ្គ១៦ក្រុមចុងក្រោយបាន ខណៈដែលក្រុមនេះ២ប្រកួតក្នុងវគ្គជម្រុះតាមពូលកន្លងទៅ គឺចាញ់១ ស្មើ១ប៉ុណ្ណោះ។ ការប្រកួតបើកឆាកក្នុងពូល B កន្លងទៅក្រូអាតបានភ្លាត់ស្នៀតចាញ់អេស្ប៉ាញទក់សាច់ក្នុងលទ្ធផល ៣ទល់០ ហើយបានបន្តស្មើជាមួយអាល់បានី ២ទល់២ទៀត ដែលក្រូអាតមិនទាន់មានលទ្ធផលល្អក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះនៅឡើយទេ។

ក្រូអាតជាក្រុមមានប្រវត្តិខ្លាំងកាលពីព្រឹត្តិការណ៍ World Cup 2018 ដោយទទួលបានជើងឯករង ក្រោយចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ។ ៥ប្រកួតកន្លងមករបស់ក្រូអាតគឺឈ្នះ៣ ចាញ់១ និងស្មើ១ ក្នុងនោះឈ្នះអេហ្ស៊ីប៤ទល់២ ក្រៅទឹកដី (ជំនួបមិត្តភាព), ឈ្នះម៉ាសេដូនៀ ៣ទល់០ ក្នុងទឹកដី (ជំនួបមិត្តភាព), ឈ្នះព័រទុយហ្គាល់២ទល់១ ក្រៅទឹកដី (ជំនួបមិត្តភាព)។ សម្រាប់ការប្រកួតយូរ៉ូ២០២៤នៅអាល្លឺម៉ង់ឆ្នាំនេះ ក្រូអាតបែរជាចាញ់ អេស្ប៉ាញ ៣ទល់០ និងប្រកួតចុងក្រោយស្មើជាមួយអាល់បានី ២ទល់២ ក្នុងពូល B។

ចំណែកអុីតាលីវិញ ៥ប្រកួតចុងក្រោយគឺឈ្នះ៣ ស្មើ១ និងចាញ់១ ក្នុងនោះឈ្នះអេក្វាឌ័រ ២ទល់០ ក្រៅដី (ជំនួបមិត្តភាព), ស្មើទួរគី ០ទល់០ ក្នុងដី (ជំនួបមិត្តភាព), ឈ្នះបូស្នៀ១ទល់០ ក្នុងដី (ជំនួបមិត្តភាព) និង២ប្រកួតចុងក្រោយនៅយូរ៉ូ២០២៤ ឈ្នះអាល់បានី២ទល់១ ហើយចុងក្រោយភ្លាត់ស្នៀតចាញ់អេស្ប៉ាញ១ទល់០។

ដោយឡែកអាល់បានីក៏ត្រូវការឈ្នះដែរដើម្បីបន្តដំណើរប្រជែងវគ្គ១៦ក្រុមក្នុងពូល B នេះ ដោយត្រូវប៉ះអេស្ប៉ាញដែលជាក្រុមខ្លាំង ប៉ុន្តែគេបានកក់កៅអីវគ្គបន្តរួចទៅហើយ។ អាល់បានី៥ប្រកួតកន្លងឈ្នះ២ ចាញ់២ និងស្មើ១ ក្នុងនោះចាញ់ស៊ុយអែត ១ទល់០ ក្រៅដី (ជំនួបមិត្តភាព), ឈ្នះលីស៊ីស្តាញ ៣ទល់០ ក្នុងដី (ជំនួបមិត្តភាព), ឈ្នះអាហ្សាបៃហ្សង់ ៣ទល់១ ក្នុងដី (ជំនួបមិត្តភាព), ចាញ់អ៊ីតាលី២ទល់១ ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ និងស្មើជាមួយក្រូអាត២ទល់២ ក្នុងជំនួបយូរ៉ូដែរ។

រីឯអេស្ប៉ាញវិញបើទោះបីជាចាញ់ ឬស្មើក៏មានកៅអីរួចជាស្រេចហើយនៅវគ្គ១៦ក្រុម។ ៥ប្រកួតចុងក្រោយសម្រាប់អេស្ប៉ាញមិនទាន់បរាជ័យនៅឡើយទេ ដោយឈ្នះ៤ និងស្មើ១។ ៣ប្រកួតចុងក្រោយអេស្ប៉ាញឈ្នះអៀរឡង់ខាងជើង ៥ទល់១ ក្នុងដី (ជំនួបមិត្តភាព), ឈ្នះក្រូអាត ៣ទល់០ ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២៤ និងបន្តឈ្នះអុីតាលី១ទល់០ទៀត។

ជំនួប៣ប្រកួតចុងក្រោយរវាងក្រូអាត នឹងអុីតាលីគឺស្មើគ្នា ដោយស្មើ១ទល់១ ទាំង៣ប្រកួត។ ចំណែកជំនួប៣ប្រកួតចុងក្រោយរវាងអាល់បានីនឹងអេស្ប៉ាញគឺអេស្ប៉ាញឈ្នះទាំង៣ប្រកួត ដោយឈ្នះ២ទល់១, ឈ្នះ៣ទល់០ និងឈ្នះ២ទល់០។

បច្ចុប្បន្នក្នុងពូល B គឺអេស្ប៉ាញឈរលេខ១ មាន៦ពិន្ទុ, អុីតាលីឈរលេខ២ មាន៣ពិន្ទុ, អាល់បានីឈរលេខ៣ មាន១ពិន្ទុ និងក្រូអាតឈរលេខ៤មាន១ពិន្ទុដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ EURO2024)


ចែករំលែក៖