ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ,មណ្ឌលសុខភាពទឹកថ្លា និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខ ទុក្ខ និងថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលខិតខំបំពេញការងារយកអស់កម្លាំងកាយចិត្ត ក្នុងការខិតខំបម្រើសេវាថែទាំសុខ ភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនិងកត់ សម្គាល់ឃើញនូវចំនុចមួយ ក្នុងការកែលម្អដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងផ្តល់ការណែនាំល្អៗសម្រាប់ការថែរក្សាសុខភាព ដែលមកទទួលសេវាព្យាបាលរបស់មន្ទីរពេទ្យ។
ក្នុងឱកាសនៃការចុះពិនិត្យមូលដ្ឋានសុខាភិបាលនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែក ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាព និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនវានុវត្តន៍។ សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់ទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈ។
ជាចុងក្រោយសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា