ព័ត៌មានទាន់ហេតុការណ៍៖

គប្បីស្វែងយល់ អំពី មូលហេតុ និង រោគសញ្ញា នៃការរហែកក្រដាសត្រចៀក!

ចែករំលែក៖

ភ្នំពេញ ៖ ក្រដាសត្រចៀកគឺជាបំណែកស្តើងនៃជាលិកាដែលបែងចែករវាងរន្ធត្រចៀកខាងក្រៅនិងត្រចៀកកណ្តាល វាមានតួនាទីយ៉ាងសំខាន់ដោយការបញ្ជូនរំញ័រសំឡេងក្នុងការស្តាប់។

ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀកដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល។

ក) មូលហេតុទូទៅនៃការរហែកក្រដាសត្រចៀក៖

   – ការបង្ករោគនៅត្រចៀកកណ្តាលនេះគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យធ្លុះក្រដាសត្រចៀកជាពិសេសលើកុមារ

   – ការផ្លាស់ប្តូរសម្ពាធខ្លាំង ភ្លាមៗ ឬ ហៅថា “barotrauma”។

   – របួសត្រចៀក ឬ ក្បាលដោយគ្រោះថ្នាក់ចរាចរ

   – ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀក ដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។

ខ) រោគសញ្ញា៖

ការរហែកត្រចៀក ពេលខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាអាចជួបប្រទះ រួមមាន៖

   – ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក

   – ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍

   – ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)

   – សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)

     វិលមុខ ឬ បាត់លំនឹង ជាដើម

គ) ការព្យាបាល ការរហែកក្រដាសត្រចៀក៖

ជាទូទៅ ការដាច់រហែក ឬ ធ្លុះក្រដាសត្រចៀកអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍ បើការធ្លាយមានទំហំតូច។ ក្នុងអំឡុងពេលនោះគ្រូពេទ្យអាចណែនាំ ការព្យាបាលដោយថ្នាំមួយចំនួនដូចជា៖

   – ថ្នាំបំបាត់ការឈឺចាប់៖ Acetaminophen ឬ Ibuprofen អាចជួយមិនសូវមានការឈឺចាប់។

   – ថ្នាំអង់ទីប៊ីយោទិក៖ ប្រសិនបើមានការឆ្លងមេរោគ ឬ បង្ករោគ ដោយគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យថ្នាំបន្តក់ត្រចៀក ឬថ្នាំលេប។

   – ការការពារត្រចៀក៖ ជៀសវាងសំលេងខ្លាំងៗ និងរក្សាត្រចៀករបស់អ្នកឱ្យស្ងួតជានិច្ចពិសេសនៅពេលកំពុងព្យាបាល។

ឃ) ការពារការរហែកក្រដាសត្រចៀក៖

ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីការពារការរហែកក្រដាសត្រចៀក៖

   – ព្យាបាលការបង្កឬឆ្លងមេរោគ នៅត្រចៀកឲ្យបានត្រឹមត្រូវ ជាពិសេសមុនពេលធ្វើដំណើរ

   – ជៀសវាងការប្រើសំឡី ឬវត្ថុផ្សេងទៀតនៅក្នុងរន្ធត្រចៀករបស់អ្នក។

   – ធ្វើឱ្យសម្ពាធត្រចៀកស្មើគ្នា អំឡុងពេលធ្វើដំណើរតាមយន្តហោះ ឬពេលប្រែប្រួលសម្ពាធ ដោយការលេប ឬទំពារស្ករកៅស៊ូ។

   – ប្រើប្រដាប់ការពារសម្លេងក្នុងត្រចៀក ឬ ពាក់ប្រដាប់គ្រប់ស្លឹកត្រចៀកពីក្រៅ ដើម្បីការពារអំឡុងពេលនៅក្នុងតំបន់មានសម្លេងខ្លាំងៗ។

ង) ពេលណាត្រូវទៅជួបគ្រូពេទ្យ៖

ទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖

   – ឈឺត្រចៀកធ្ងន់ធ្ងរ

   – ការហូរទឹកចេញតាមត្រចៀកជាប់រហូត

   – ការថយចុះការស្តាប់ឬបាត់បង់ការស្តាប់

     វិលមុខដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ

ទោះជាយ៉ាងណាក៏ដោយប្រសិនបើការរហែកមានទំហំធំ នោះមិនអាចជាសះស្បើយដោយខ្លួនឯងនិងមានការហូរទឹកឬខ្ទុះជាប់ជាប្រចាំ បូកផ្សំការស្តាប់ធ្លាក់ចុះ សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងទទួលការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយប្រសិទ្ធភាព!” ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖