ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ការប្រារព្ធពិធីខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤ នា ឆ្នាំនេះ ស្របនឹងការអនុវត្តកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោល នយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងគោលបំណងធ្វើការបូកសរុបសមិទ្ធផល ស្នាដៃ និងបទពិសោធន៍ដ៏ត្រចះត្រចង់ប្រកបដោយ មោទនភាពដែលកងរាជអាវុធហត្ថយើងសម្រេចបាន។

លើកទឹកចិត្តជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និង តមស្នងសងគុណដល់គ្រួសារអាវុធហត្ថពលី-មរណៈ ព្រមទាំងគ្រួសារដែលជួបការលំបាក ។ល។

ពង្រឹងនូវប្រពៃណីផូរផង់ នៃស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង តស៊ូពុះពាររាល់ឧបសគ្គនៅគ្រប់កាលៈទេសៈ បណ្តុះនូវមនសិការ ស្រលាញ់ជាតិ បម្រើប្រជាជន និងការពារមាតុភូមិ។

មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមធ្វើការណែនាំដូចខាងក្រោម៖

១- ត្រូវរៀបចំព្រឹត្តិការណ៍ ដើម្បីអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជ អាវុធហត្ថ នៅតាមស្ថាប័ន អង្គភាព ស្នងការដ្ឋានទាំង៧ ការិយាល័យជំនាញទាំង៣ សាលាទាំង២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ ដូចជា ការរៀបចំប្រារព្ធពិធី ឬចាត់តាំងកម្លាំងចុះសួរសុខ ទុក្ខដោយផ្ទាល់ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលបានចូល និវត្តន៍ ពិការ បាត់បង់សមត្ថភាព គ្រួសារអាវុធហត្ថពលី-មរណៈ និងគ្រួសារអាវុធហត្ថក្រីក្រជួបការលំបាក ស្ថិតនៅក្រោមឱវាទរបស់ខ្លួន ដោយមានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគ គ្រឿងបរិភោគ តាម លទ្ធភាពជាក់ស្តែង។

២- ត្រូវចាត់តាំងបំផុសសកម្មភាពប្រឡងប្រណាំង បង្កើតស្នាដៃក្នុងការបំពេញតួនាទី ភារកិច្ចស្នួល កសាងសមិទ្ធផលនានា។

៣- ក្រោយពីចាត់តាំងធ្វើសកម្មភាពចប់ ត្រូវបូកសរុបនិងធ្វើរបាយការណ៍មកស្នងការដ្ឋានទំនាក់ ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបានមុនថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសេនាធិការបូកសរុបនិងធ្វើ របាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្រោយពីទទួលបានសេចក្តីណែនាំនេះ មេបញ្ជាការរង នាយសេនាធិការ ស្នងការ ស្នងការ ដ្ឋានទាំង៧ នាយការិយាល័យជំនាញទាំង៣ នាយកសាលាទាំង២ និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖