ខេត្តកំពង់ចាម ៖ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង”ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បន្តការស្រាវជ្រាវបន្តពូជ និងភ្ញាស់ត្រីប្រភេទជិតដាច់ពូជ ដើម្បីបន្តឲ្យមានចំនួនកាន់តែច្រើនក៉ំឲ្យដាច់ពូជ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទសហការជាមួយក្រសួងបរិស្ថានត្រូវ បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់បង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និង និរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ។
សូមជំរាបថា បើតាមការឲ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺរដ្ឋបាលជលផល និងបងប្អូនវារីវប្បករបានភ្ញាស់កូនត្រីក្នុងស្រុកច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីរ៉ស់ ត្រីឆ្ការ ត្រីអណ្តែង ត្រីទីឡាព្យាត្រីគ្រំ ជាដើម ចំនួនជាង ២៦៩លានកូន ក្នុងឆ្នាំ២០២៣ ដើម្បីលែងចូលក្នុងធម្មជាតិ ចែកប្រជាកសិករចិញ្ចឹម និងធ្វើអាជីវកម្មក្នុងស្រុក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ត្រី” គឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត។
សម្តេចធិបតីបញ្ជាក់ថា “ដើម្បីចូលរួមពង្រឹងស្មារតី «ទិវាមច្ឆជាតិ ០១ កក្កដា» ខ្ញុំសូមអំពាវនាវឱ្យ គ្រប់ភាគីពាក់ព័ន្ធ និង បងប្អូនប្រជាពលរដ្ឋ ជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ការរក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ ។ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់សម្រាប់ធ្វើនេសាទ ដូចជា ថ្មស្អុយ ឧបករណ៍ឆកត្រី ស្បៃមុង គ្រឿងផ្ទុះ អ្វីក៏ដោយដែលឧបករណ៍នេសាទហាមឃាត់ ជាពិសេសសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង”។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា ការសម្រេចលុបឡូតិ៍នេសាទដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១២នោះ គឺជាជម្រើសដ៏ល្អដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋរៀបចំជាសហគមន៍នេសាទ ផ្ដល់ផលជូនប្រជាសហគមន៍ដោយផ្ទាល់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រវត្តិនៃការរៀបចំឱ្យមានឡូតិ៍នេសាទ គឺធ្វើឡើងតាំងពីដើមឆ្នាំ១៩០០ ពោលគឺតាំងពីសម័យអាណានិគមនិយមបារាំង ដែលការអនុញ្ញាតឱ្យមានឡូតិ៍នេសាទដូច្នេះគឺដើម្បីប្រមូលពន្ធចូលរដ្ឋ។ យន្តការនេះក៏ត្រូវបានលុបចេញនៅឆ្នាំ២០១២ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
សម្ដេចធិបតីបានបន្តថា «ការណ៍ដែលសម្ដេចតេជោដាក់ចេញគោលនយោបាយរំសាយឡូតិ៍នេសាទនៅជុំវិញបឹងទន្លេសាប គឺដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋ ប្រជានេសាទរៀបចំជាសហគមន៍បានផល ដែលជាជម្រើសដ៏ល្អដើម្បីបានផលជូនប្រជាពលរដ្ឋក្នុងនាមជាបុគ្គល ឬមួយជាសហគមន៍»៕
ដោយ ៖ សិលា