ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង កាលពីព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្គាប់ឱ្យអនុរ័ក្សពន្ធនាគារព្រៃសនាំខ្លួនជនជាប់ចោទឈ្មោះ ស្រី សុីណា មកកាន់សាលាដំបូងដើម្បីសាកសួរបន្ថែមពាក់ព័ន្ធនិងអំពើឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ របួស២នាក់កាលពីពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ពីការចោទប្រកាន់បន្ថែមលើឃាតកឈ្មោះស្រី សុីណា ពីបទរំលោភលើលំនៅឋាន ។
ដូច្នេះជនត្រូវចោទបានរងនូវការចោទប្រកាន់បន្ថែមចំនួន៤បទល្មើសនៅក្នុងការប្រព្រឹត្តអំពើឃាតកម្មដ៏អាក្រក់នោះ ។
ទី១.បទ ឃាតកម្ម តាមមាត្រា១៩៩ ពាក់ព័ន្ធនិងការបាញ់សម្លាប់គូរដណ្ដឹង២នាក់ ។
ទី២.បទ ប៉ុនប៉ងឃាតកម្មតាមមាត្រា លើករណីបាញ់ជនរងគ្រោះ២នាក់អោយរងរបួស ។
ទី៣.បទ រំលោភលើលំនៅឋាន តាមមត្រា ពាក់ព័ន្ធការចូលទៅក្នុងផ្ទះជនរងគ្រោះដោយបំពានគ្មានការអនុញាត ។
ទី៤.បទ ល្មើសកាន់កាប់និងប្រើប្រាសអាវុធខុសច្បាប់ ។
ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង ស្ថិតនៅបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ដើម្បីសួរនាំរឿងជម្លោះទាក់ទងនឹងរឿងកាប់មែកស្វាយ, វាយកំទេចផើងផ្កា និងរឿងដាក់ស្នូខោអាវ ជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះពីឈ្មោះ ស្រី ស៊ីណា និងជាអ្នកជិតខាងឈ្មោះ ឡុង លីសុង។ ពេលទៅដល់ ឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយមានការជជែកគ្នា និងឈានដល់ មានជម្លោះពាក្យសម្តីនឹងគ្នា ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យឈ្មោះ ឡុង លីសុង ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងពេលនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ០២ (ពីរ) នាក់ទៀតជាច្រើនគ្រាប់បណ្តាលឱ្យម្នាក់រងរបួសដៃ និង ម្នាក់ទៀតរងរបួសជើង ។
ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូន សំណុំរឿង និងជនល្មើសមក តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកចិត្តទុកដាក់បំផុតក្នុង ការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធរួចមក បានធ្វើការសន្និដ្ឋានថា អំពើនេះ ជាអំពើឃាតកម្ម ។
ដោយពិនិត្យឃើញ ព្យសនកម្មទៅលើជនរងគ្រោះ ស្លាប់ពីរនាក់ និងរបួសពីរនាក់ តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយ៖
សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕
ដោយ ៖ រ៉ារ៉ា