ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ៖ ឆ្អឹងខ្នង នៃវិស័យអប់រំ គឺ គុណភាពគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ «ឆ្អឹងខ្នង នៃវិស័យអប់រំ គឺ គុណភាពគ្រូបង្រៀន» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ៖ គុណភាពនៃការអប់រំ គឺជាកត្តាកំណត់នៃការអភវឌ្ឍប្រទេស។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវផែនការគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់នៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមាន ក្របខ័ណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និង ប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន និងការអនុវត្តកំណែទម្រង់សាលារៀន។
សម្តេចធិបតី បានណែនាំឲ្យបន្តការខិតខំពង្រឹងសមត្ថភាពគ្រូឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីធនធានកមកម្ពុជាកាន់តែមានច្រើនប្រកបដោយគុណភាព។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគុណតម្លៃនៃការអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសទៅលើការអភិវឌ្ឍន៍ទៅលើគ្រូបង្រៀនដោយថានឹងបានបង្កើនធនធានមនុស្សកាន់តែច្រើនបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកអំពីគុណប្រយោជន៍នៃគ្រូបង្រៀនទៅដល់ប្រទេសជាតិដោយថាគឺជាអ្នកដែលបង្កើតនៅធនធានថ្មីៗបន្ថែមទៀតទៅដល់ប្រទេស។ សម្ដេចក៏បានវាយតម្លៃខ្ពស់លើកិច្ចខិតខំរបស់ក្រសួងអប់រំដែលបានបង្កើនគុណភាពអប់រំនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា៖ «អញ្ចឹងហើយបានជាការបង្កើនថវិកាធានាភ្ជាប់ជាមួយនឹងសមត្តិកម្ម»។
សម្ដេចធិបតីបានអបអរជូនទៅដល់ក្រសួងអប់រំដែលបានធានាបាននូវគុណភាពសមាមាត្រជាមួយនឹងការបង្កើតថវិកាពីរដ្ឋទៅដល់ក្រសួង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ៕

ដោយ ៖ សិលា


ចែករំលែក៖