ខេត្តស្វាយរៀង៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្មេងទំនើងចំនួន ០៩ នាក់ (អនីតិជន ចំនួន ០២ នាក់) បានធ្វើសកម្មភាពនាំគ្នាយកដាវដេញកាប់ជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូ និងរងរបួស រួចនាំ គ្នាជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ។
ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន ០៣ នាក់ ។ ចំណែកឯជនសង្ស័យចំនួន ០៦ នាក់ទៀត បានបន្តរត់គេចខ្លួន ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យតំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ០៩ នាក់ (រត់គេចខ្លួនចំនួន ០៦ នាក់) ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ៕
ដោយ៖ តារា