ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការកំពុងបើកការស៊ើបសួរ លើជនសង្ស័យ១៥នាក់ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធនិងទម្លាក់យោងឆបោកលុយ មាស

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមជនសង្ស័យ១៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ , កាច់កម៉ូតូប្រដាប់អាវុធ និងករណីទម្លាក់យោងបោកយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានកាលពីវេលាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ដោយបានបង្ហាញថា ជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធនឹង៣ករណីត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធបើកប្រតិបត្តិការ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេក្នុងចំណោម៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយដ្ឋានមួយកន្លែងយីហោ « ខ្យល់ទន្លេ » ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា ជនសង្ស័យទាំង១៥នាក់ មានតែ១១នាក់ប៉ុណ្ណោះដែលមានការពាក់ព័ន្ធនឹងបទល្មើសទាំង៣ខាងលើ ដោយពួកគេនឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។

ដោយឡែក៤នាក់ផ្សេងទៀតដែលត្រូវបានឃាត់ក្នុងរង្វង់ប្រតិបត្តិការជាមួយគ្នានោះ គឺសមត្ថកិច្ចរកឃើញថា មិនមានការពាក់ព័ន្ធនោះទេ ដោយពួកគេគ្រាន់តែមានផ្ទុកសារធាតុញៀនក្នុងខ្លួនប៉ុណ្ណោះ ដូច្នេះហើយដោយមានការអនុញ្ញាតពីស្ថាប័ន្ថអយ្យការ នគរបាលសម្រេចបញ្ចូនពួកគេទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីបន្សាបសារធាតុញៀន ។

គួរបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជានិងចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងបើកការចុះបង្ក្រាបជានិច្ចនូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេសអំពើបទល្មើសលួច ឆក់ ប្លន់ប្រដាប់ដោយអាវុធ ដែលជាបទល្មើស បង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ ដែលកត្តាទាំងនេះហើយ ជាអ្វីដែលកងកម្លាំងសមត្ថកិច្ចត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ ដោយ រ៉ារ៉ា


ចែករំលែក៖