កីឡាករបាល់ទាត់របស់ក្លិប Liverpool កីឡាករ Darwin Núñez បានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយអ្នកទស្សនា បន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរបស់គាត់បាន រងបរាជ័យក្រោមថ្វីជើងកូឡុំប៊ីកាលពីព្រឹកថ្ងៃទី១១ កក្កដា។
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេឃើញប៉ះទង្គិចជាមួយអ្នកគាំទ្រក្រុមកូឡុំប៊ីនៅកន្លែងឈរបន្ទាប់ពីការផ្លុំកញ្ចែចុងបញ្ចប់នៃការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa America។
យោងតាមគេហទំព័រ El País របស់អ៊ុយរ៉ាហ្គាយបានឲ្យដឹងថា ភាពច្របូកច្របល់បានផ្ទុះឡើងនៅជិតកន្លែងដែលមិត្តភក្តិ និងសមាជិកអ្នកគាំទ្រក្រុមអ៊ុយរ៉ាហ្គាយឈរ។ ខ្សែប្រយុទ្ធ Núñez នៅមិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈអំពីឧបទ្ទវហេតុនេះនៅឡើយទេ។
កាមេរ៉ាទូរទស្សន៍ និងអ្នកគាំទ្របានចាប់យករូបភាពរបស់ Núñez ឡើងលើរបងដែក ហើយធ្វើដំណើរចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើននៃកីឡដ្ឋាន Bank of America ក្នុងទីក្រុង Charlotte រដ្ឋ North Carolina។ បន្ទាប់មកគាត់អាចត្រូវបានគេមើលឃើញប្រឈមមុខនឹងអ្នកគាំទ្រកូឡុំប៊ី ខណៈដែលអ្នកផ្សេងទៀតព្យាយាមរារាំងគាត់។
កីឡាករអ៊ុយរ៉ាហ្គាយផ្សេងទៀតត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។ ប្រធានក្រុមអ៊ុយរ៉ាហ្គាយ José María Giménez បាននិយាយថា កីឡាករកំពុងព្យាយាមការពារក្រុមគ្រួសាររបស់ពួកគេ ដោយពណ៌នាស្ថានភាពនៅក្នុងហ្វូងមនុស្សថាជា រឿងគ្រោះថ្នាក់។
លោកបន្តថា «គ្មានប៉ូលិសទេ ហើយយើងត្រូវការពារក្រុមគ្រួសារយើងនេះជាកំហុសរបស់មនុស្សពីរទៅបីនាក់ដែលផឹកតិចពេកហើយមិនចេះផឹក»។
Núñez ត្រូវបានគេឃើញឱបកូនប្រុសរបស់គាត់នៅលើទីលានបន្ទាប់ពីមានជម្លោះ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អាមេរិកខាងត្បូង (Conmebol) បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ ហើយបានអះអាងថា វានឹងបើកការស៊ើបអង្កេត។
ស្ថាប័នមួយនេះបានបញ្ជាក់ថា គ្មានកន្លែងសម្រាប់ការមិនអត់ឱននិងអំពើហិង្សានៅលើនិងក្រៅទីលាននោះទេ។ ជម្លោះនេះបានកើតឡើងបន្ទាប់ពីអ៊ុយរ៉ាហ្គាយបានធ្លាក់ក្រោមការបរាជ័យ ១-០ ទល់នឹងកូឡុំប៊ីក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយ ដោយធ្វើឲ្យអ៊ុយរ៉ាហ្គាយបាត់បង់កៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America។ ចំណែកកូឡុំប៊ីនឹងប្រកួតជាមួយអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃចន្ទ។
មិនយូរប៉ុន្មានមុនពេលភាពច្របូកច្របល់បានចាប់ផ្តើម កីឡាករ និងគ្រូបង្វឹកបានប៉ះទង្គិចគ្នានៅលើទីលានបន្ទាប់ពីការប្រកួតបានបញ្ចប់។
Núñez បានចាប់ផ្តើមការប្រកួតមុនសម្រាប់ក្រុមអ៊ុយរ៉ាហ្គាយ ប៉ុន្តែមិនអាចបំប្លែងការព្យាយាមមួយក្នុងចំណោមការស៊ុតបាល់បញ្ចូលទីចំនួនបួនគ្រាប់របស់គាត់។ Liverpool បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃដំបូង៦៤លានផោនពីក្រុមព័រទុយហ្គាល់ Benfica កាលពីខែមិថុនា ឆ្នាំ២០២២។ គាត់បានស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៦៥លើកសម្រាប់ក្លិបហង្សក្រហម ៕ (រូបភាព ៖ BBC Sport)