ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០២នាក់ខាងលើ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខក្លិបG21 ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងមានគ្នាចំនួន០២នាក់ ១.ឈ្មោះ គឹម សីហា ភេទប្រុស អាយុ១៩ឆ្នាំ និង២.ឈ្មោះ ទ្រី សាមុត ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូឌុបគ្នា ដោយឈ្មោះ គឹម សីហា បានយក កាំបិតផ្គាក់ដាក់ក្នុងដៃអាវខាងស្តាំ បំណងយកទៅកាប់គូជម្លោះដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកនៅក្លិបG21 ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង០០នាទីទៀបភ្លឺ ជនសង្ស័យទាំង០២នាក់បានជិះម៉ូតូមកឈប់រង់ចាំនៅមុខក្លិបG21 តែមិនទាន់បានជួបនឹងគូជម្លោះផង ក៏ត្រូវ បានសន្តិសុខរបស់ក្លិបឃាត់ខ្លួននិងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើជាក់ស្តែងរួមទាំងវត្ថុតាង ។
បច្ចុប្បន្នក្រុមជនត្រូវចោទជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា