ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូនខ្លួន​ជនជាតិចិន២នាក់ ពាក់ពន្ធ័​ករណីជួញដូរគ្រឿងញៀនឆ្លងដែន​ រួមនិងថ្នាំញៀនជាង ២០០គីឡូក្រាម​ ទៅតុលាការ​ខេត្ត​កណ្ដាល​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ ត្រៀមបញ្ជូនខ្លួន​ឧក្រិដ្ឋជន​ជួញដូរគ្រឿងញៀនឆ្លងដែនចំនួន២នាក់​ ដែលសុទ្ធតែ​ជា​ជនជាតិចិន​ ទៅកាន់សាលាដំបូង​ខេត្ត​កណ្ដាល​ ដេីម្បីចាត់ការបន្ត​តាមច្បាប់ ក្រោយ​ធ្វើ​ការ​បង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ រួមនិង​វត្ថុតាង​ជាថ្នាំញៀនជាង ២០០គីឡូក្រាម។ 

ប្រភពដដែលបន្តថា​ ជនល្មើសចំនួន ០២នាក់រួមមាន៖

– ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ។ 

– ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ។ 

ក្នុងប្រតិបត្តិការនោះ​ ដោយ​អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 

សូមជម្រាបជូនថា​ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖២០នាទី សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ចំណែក​វត្ថុតាង និងសម្ភារៈចាប់យកបានរួមមាន៖​ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ និងរថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។ 

បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖