ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។
២-ផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាតាមវិស័យជាសមត្ថកិច្ច និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ៕
ដោយ ៖ សិលា