ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។

១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖

   – អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម

   – អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

២) រោគសញ្ញា៖

   – ឈឺក្បាលខ្លាំង ភ្លាមៗ

   – មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)

   – វង្វេងស្មារតី ឬសន្លប់

៣) មូលហេតុ៖ 

យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖ 

   – ជំងឺទឹកនោមផ្អែម

   – ការពិសារស្រា និងបារីច្រើន

៤) ការធ្វើរោគវិនិច្ឆ័យ៖ 

ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។ 

៥) ការព្យាបាល៖

ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖

   – គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ

   – ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់

   – ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។

ខ) ការព្យាបាលដោយការវះកាត់៖

គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។

យើងធ្វើការវះកាត់នៅពេលដែល៖ 

   – ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)

   – អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)

   – ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង

“បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចំរុះគ្រូពេទ្យឯកទេស ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៏ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសំភារៈបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាន និងកំពុងទទួលពិគ្រោះ និងព្យាបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖