ព័ត៌មានទាន់ហេតុការណ៍៖

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចែករំលែកបទពិសោធន៍ជោគជ័យលើការរៀបចំ “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីអង្គការនេះបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​។ 

មានប្រសាសន៍ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ 

ស្របតាមស្មារតីនៃជំនួបក្នុងប្រទេសជប៉ុនរវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Marisa Haruta កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ ជាលទ្ធផលផ្លែផ្កា JETRO បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីឧត្តមានុវត្តន៍ និងបទពិសោធន៍ជោគជ័យលើការរៀបចំមជ្ឈមណ្ឌលគាំទ្រធុរកិច្ចក្នុងប្រទេសជប៉ុន (JETRO Business Support Center) ជូនដល់មន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយវគ្គបណ្ដុះបណ្ដាលបានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២៦នេះ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ផងដែរ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លោកស្រី Marisa Haruta បានបង្ហាញការតាំងចិត្តខ្ពស់នឹងបន្តជួយលើកិច្ចការងារជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន។ 

សូមជម្រាបជូនថា កាលពីទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជា លើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេសជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌល ឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំងពីការផ្ដល់ព័ត៌មានវិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន៕

ដោយ​៖ តារា​


ចែករំលែក៖