ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ចែករំលែក៖

   ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកXaysana Khotphouthone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា នាឱកាសនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គរដ្ឋអាជ្ញា ក៏បានគោរពជម្រាបជូនបន្ថែម អំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះមានជាអាទិ៍៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ (២) ការបណ្តុះបណ្តាលនិងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍និងព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់និងអន្តរជាតិ។ លោកអគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

   ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានឹងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានខាងលើ ដែលជាការរួមចំណែកនិងគាំទ្រកិច្ចសហប្រតិបត្តិការជារួមរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់រវាងប្រទេសទាំងពីរ៕

ដោយ៖ សិលា


ចែករំលែក៖