ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីបើកវេទិកាសម្រាប់សហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ «តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយសារស្រ្តីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលចូលរួមចំណែកក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ព្រមទាំងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់និងអន្តរជាតិដើម្បីជំរុញកំណើននិងនវានុវត្តន៍ឆ្លងព្រំដែន»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គម ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្រ្តីគ្រប់ជំនាន់ ប្រកបដោយការគោរព និងសាមគ្គីភាព។ 

សូមបញ្ជាក់ថា ៖ នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ 

វេទិកានេះ ជាឱកាសល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។

វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់។

កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើង ក្នុងគោល បំណងតំណាងឱ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ៖ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង , ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា ឱ្យទទួលបានជោគជ័យ។ ចំណែក AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ាន បានទទួលពានរង្វាន់ជាច្រើន៕

ដោយ ៖ សិលា


ចែករំលែក៖