ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ

ចែករំលែក៖

ខេត្តកោះកុង ៖ ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។ 

លោក ផន រឹម បន្តថា ៖ ពាក់ព័ន្ធករណីនេះ ខ្ញុំបាទសូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។

ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។

ន័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖