ខេត្តកណ្តាល ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការប្រារព្ធពិធីសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ បង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកបដោយស្មារតីឯកភាពជាតិ ជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោនេះ បង្ហាញពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុជាតិ ទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថាការសាងសង់ព្រែកជីកហ្វូណនតេជោ ក៏ជាសក្ខីភាពយ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការបើកការដ្ឋានសាងសង់ព្រែជីកព្រះជីកហ្វូណនតេជោគឺជាការបង្ហាញនូវឯករាជ្យភាពជាតិ និងផ្ញើនៅភាពជោគជ័យនេះជូនចំពោះប្រជាពលរដ្ឋគ្រប់និន្នាការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពរុងរឿងនៃអាណាចក្រខ្មែរតាំងពីបុរាណកាល ហ្នឹងបានលើកឡើងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរដែលបានប្រើប្រាស់ផ្លូវទឹកគឺជាសក្ដានុពលរបស់ខ្លួនធ្វើឲ្យប្រទេសរីកចម្រើនរុងរឿង។ ដោយរំលឹកពីមោទនភាពជាតិខ្មែរសម្ដេចបានលើកឡើងថាការសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះជាមោទនភាពថ្មីមួយទៀតរបស់ប្រទេស។
សម្ដេចបានអបអរសាទរនិងបានជូនស្នាដៃដល់ជោគជ័យនេះជូនចំពោះបុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ សម្ដេចម៉ែ ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី វីរជនដែលបានរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងជូនទៅដល់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នគ្រប់និន្នាការដែលបានរួមរួមជាចលនាជាតិធ្វើឲ្យមានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រនេះ។សម្ដេចថា៖ «វាមិនត្រឹមតែជាគម្រោងមួយដែលជាហេដ្ឋារចនាសម្ព័ន្ធទេតែវាជាគម្រោងបង្ហាញលក្ខណៈជាតិនិយមរបស់យើង»។
សម្ដេចជំរុញឲ្យសាងសង់ព្រែកជីកឲ្យបានជាដាច់ខាត ដែលនឹងបង្កើតមរតកដល់មនុស្សជំនាន់ក្រោយចងចាំអតីតកាលដ៏រុងរឿងនិងត្រូវសម្លឹងទៅមុខប្រកបដោយភាពរំភើបជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការកសាងកម្ពុជាឲ្យរុងរឿង។
សម្ដេចថា៖ «ការប្រារព្ធពិធីនៅពេលនេះគឺសុទ្ធតែជាបុព្វហេតុក្នុងការបង្ហាញនូវការប្ដេជ្ញាចិត្តជាប្រជាជាតិជាចលនាជាតិតែមួយប្រកបដោយស្មារតីឯកភាពជាតិដើម្បីរួមគ្នាកសាងភាពល្បីល្បាញ»៕
ដោយ ៖ សិលា