ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកំពុងជំរុញពន្លឿនការចុះបញ្ជីដីធ្លីជូនពលរដ្ឋ ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ការលើកឡើងដូច្នេះគ្រាដែលឯកឧត្តមអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១៩៨៤០ប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៣០ភូមិក្នុងឃុំវាលនិងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ 

លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានលើកឡើងថាគិតរហូតមកដល់ពេលនេះ ក្រសួងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៨លានប័ណ្ណជូនប្រជាពលរដ្ឋរួចរាល់ហើយ  ខណៈនៅសេសសល់ប្រមាណជាង៣លានប័ណ្ណទៀតប៉ុណ្ណោះដែលក្នុងនោះជាង២លានប័ណ្ណកំពុងចេញប័ណ្ណចែកបន្តរាល់ថ្ងៃនិងសេសសល់ជាង១លានប័ណ្ណទៀតនៅមិនទាន់បានវាស់។

ទន្ទឹមនឹងនោះ លោកបន្តថា ក្រសួងសេដ្ឋកិច្ចនិងក្រសួងដែនដី បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុបជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងចែកវិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ជាមួយនោះឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងជំរុញឱ្យក្រសួងពន្លឿនលើការងារចុះបញ្ជីដីធ្លីឱ្យបានលឿនបំផុត ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីនិងកាត់បន្ថយវិវាទនិងឈានទៅបញ្ចប់ទាំងស្រុងនូវវិវាទដីធ្លីនៅទូទាំងប្រទេសផងដែរ ហើយក្នុងនោះនឹងអាចបញ្ចប់ការវាស់វែងនៅចុងឆ្នាំ២០២៤ និងបញ្ចប់ការចែកប័ណ្ណនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លីនិងនគរូបនីយកម្ម ឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ ចំណុច រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនិងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកប​ដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

ដោយ៖ សូរិយា


ចែករំលែក៖