ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់

ចែករំលែក៖

ភ្នំពេញ ៖ នាទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ (Sewerage Law) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ផងដែរ។

កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យកែសម្រួលពាក្យពេចន៍ អក្ខរាវិរុទ្ធ និងខ្លឹមសារនៃសេចក្តីថ្លែងហេតុ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយឆ្លុះបញ្ចាំពីទិដ្ឋភាពពាក់ព័ន្ធដែលនាំមកនូវការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធកខ្វក់។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះលោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ ក៏ដូចជាពិនិត្យបំពេញបន្ថែមរាល់ចំណុចដែលមាននៅក្នុងសេចក្តីថ្លែងហេតុ សំដៅធ្វើយ៉ាងណាឱ្យសេចក្តីថ្លែងហេតុនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ។

សូមជម្រាបជូនថា៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ អមដោយសេចក្តីថ្លែងហេតុដែលត្រូវបានពិនិត្យនិងពិភាក្សាក្នុងកិច្ចប្រជុំនេះ គ្រោងនឹងដាក់ចូលក្នុងបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ ដើម្បីគោរពស្នើសុំការពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖